កម្ពុជាអបអរសាទរ ថ្ងៃប្រវត្តិសាស្រ្ត នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់ព្រះបរមរាជវាំង បានផ្សាយថា នាវេលាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា នាវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ បណ្តាអង្គទូតនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនកុះករផងដែរ។
ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញនូវព្រះរាជបូនីយកិច្ច ក្នុងកាទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។
ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមហាមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាស៊ីអាគ្នេយ៍ និងជាយុគ្គសម័យមាស នៃប្រវត្តិសាស្រ្តកម្ពុជា។
កូនចៅប្រជានុរាស្រ្តគ្រប់រូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា។
បើតាមផេកហ្វេសប៊ុកសម្តេចតេជោ បានថ្លែងថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។
ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ៕