លោកកឹមសុខាទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ តែមិនត្រូវធ្វើសកម្មភាពនយោបាយ
(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានសម្រេចដាក់លោកកឹមសុខាឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែលប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការនិងមិនត្រូវធ្វើសកម្មភាពនយោបាយ។
បើយោងតាមសេចក្តីប្រកាសរបស់តុលាការនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះដោយសារជនត្រូវចោទលោកកឹមសុខានាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យនិងព្យាបាល។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាជនត្រូវចោទឈ្មោះកឹមសុខាត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។មិនត្រូវធ្វើសកម្មភាពនយោបាយនិងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សូមជំរាបថាលោកកឹមសុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំបន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថាលោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជាដោយយកលំនាំតាមប្រទេសយូហ្គោស្លាវីនិងប្រទេសស៊ែប៊ី។
ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកគីឫទ្ធីកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៨បានចេញដីកាមួយសម្រេចដោះលែងលោកឲ្យនៅក្រៅឃុំបណ្តោះអាសន្នជាមួយនឹងការហាមឃាត់សិទ្ធិមួយចំនួនដូចជាមិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ផ្លូវលេខ៣១១និងផ្លូវលេខ៦០៨ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនិងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿងនិងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
បើតាមហ្វេសប៊ុកផ្លូវការរបស់លោកកឹមសុខានៅថ្ងៃទី១០វិច្ឆិកាបានឲ្យដឹងថា កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះសហមេធាវីការពារសិទ្ធិរបស់ខ្ញុំបានដាក់ពាក្យស្នើសុំឲ្យចៅក្រមសើុបសួរលើកលែងបទចោទមកលើរូបខ្ញុំ។ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះមិនមែនជាការលើកលែងការចោទប្រកាន់ឡើយគឺត្រឹមតែជាការកែប្រែលក្ខខ័ណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។
ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ។
ជាចុងក្រោយនេះខ្ញុំសូមផ្ញើសេចក្តីនឹករលឹកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរហើយខ្ញុំនឹងទៅជំរាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ។ខ្ញុំនឹងជំរាបជូនដំណឹងលម្អិតនៅពេលក្រោយ៕
Advertising