មេនគរបាលនិងមេប៉េអឹមត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖រសៀលថ្ងៃទី១០ខែវិចិ្ឆកាឆ្នាំ២០១៩នេះនៅនាយកដ្ឋានអង្គរក្សលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកសៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងអកអំបុកសំពះព្រះខែ។
នាឱកាសនោះលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងរយៈពេលដែលចុះបំពេញភារកិច្ចចាប់ពីមុនថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិការហូតមកដល់ពេលនេះបានអនុវត្តកិច្ចការងាររបស់ខ្លួនដោយគោរនូវវិន័យបានល្អម៉ឺងម៉ាត់សម្រេចបានការការពារសន្តិសុខសុវត្ថិភាពល្អប្រសើរ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនក៏បានរំលឹកនិងដាស់តឿនដល់កងកម្លាំងនគរបាលនិងកងកម្លាំងពាក់ព័ន្ធដទៃទៀតត្រូវបន្តសហការគ្នាឱ្យបានល្អថែមទៀតដោយប្រើប្រាស់វិធានការសរុបកម្លាំងសរុបមធ្យោបាយសរុបធ្វើយ៉ាងណាការការពារពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃទទួលបានជោគជ័យ។
គួរបញ្ជាក់ថាតាមរបាយការណ៍ថ្ងៃទី៩–១០ខែវិច្ឆិកាឆ្នាំ២០១៩នេះ( គិតពីម៉ោង៧:០០នាទីថ្ងៃទី៩ខែវិច្ឆិកាដល់ម៉ោង៧៖០០នាទីថ្ងៃ១០ខែវិច្ឆិកា) ពិនិត្យជារួមសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរពុំមានអ្វីគួរកត់សម្គាល់។
១– សភាពការណ៍បទល្មើសព្រហ្មទណ្ឌគ្មាន)
២– សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ( គ្មាន)
៣– លទ្ធផលកិច្ចប្រតិបត្តិការអន្ដរាគមន៍និងសង្គ្រោះ៖
– បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពថ្វាយព្រះមហាក្សត្រនិងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលក្នុងព្រះរាជពិធីដុតទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦។
– បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋានផ្ទះសំណាក់ផ្ទះជួលភោជនីយ៍ដ្ឋានហាងលក់ខោអាវ….. បានចំនួន១០២កន្លែងនិងចែកខិត្តប័ណ្ណជូនប្រជាពលរដ្ឋអាជីវករចំនួន១៥២សន្លឹក។
របាយការណ៍ដដែលបានបានអោយដឹងទៀតថាសភាពការណ៍ក្រៅតំបន់ប្រារព្ធពិធីបុណ្យពុំមានអ្វីគួរកត់សម្គាល់។ទោះបីជាសភាពការណ៍មានលក្ខណៈល្អប្រសើរយ៉ាងណាក្តីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះទទួលបានជោគជ័យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិកម្សាន្តសប្បាយដោយគ្មានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពសន្តិសុខនិងសណ្តាប់ធ្នាប់៕