ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ ស្នើអោយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ កងកម្លាំង យកចិត្តទុកដាក់ ត្រៀមឧបករណ៍ សង្គ្រោះ ដែលងាយរងគ្រោះក្នុងរដូវទឹកឡើងនេះ​

487

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម​ លោក​ គួ​ច​ ចំរើន​ បានស្នើដល់អាជ្ញាធរ រួមនឹងមន្ត្រីពាក់ពន្ធ័ ដូចជា មន្ត្រីសុខាភិបាល មន្ត្រីធនធានទឹក កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និងកម្រិតកម្ពស់ទឹកជាប់ជានិច្ច ត្រៀមនូវឧបករណ៍ជួយសង្គ្រោះដូចជាថ្នាំសង្កូវ​ ទូក​ កាណូត​ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលងាយនឹងរងគ្រោះក្នុងរដូវទឹកឡើងនេះ​ និងបានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ី នៅតាមដងច្រាំងទន្លេ​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនប្រជានេសាទតែម្តង ព្រោះនៅលើទឹកតាមដងទន្លេមេគង្គ អាចងាយប្រឈមឲ្យមានគ្រោះថ្នាក់ផងដែរ។
ការស្នើអោយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធនិងការក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋបែបនេះរបស់លោក គួច ចំរើន ធ្វើឡើងក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នៅ​ ភូមិ​ត្រកួន​ ឃុំក្រឡា ស្រុកកំពង់សៀមខេត្ត​កំពង់ចាម​ ដោយរមានការ អញ្ជើញចូលរួមពីសំណាក់ អភិបាលរង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ-អ្នកគ្រូ​ ប្រជាពលរដ្ឋជាច្រើននាក់។


លោកបានលើកឡើងបន្ថែមទៀតថា ក្នុងរដូវទឹកទន្លេតំឡើងពិតមែន តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននូវឡើយទេ​ សម្រាប់កម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអាសន្នគឺកម្ពស់១៥.២០ម៉ែត្រ​ លោកអភិបានបានបញ្ជាក់ទៀតថា​ ស្រុក ៥ក្នុងខេត្តកំពង់ចាម មានស្រុកស្ទឹងត្រង់,ស្រុកកំពង់សៀម,ស្រុកកងមាស,ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ​ គឺ ជាស្រុកដែលប្រឈមនឹងគ្រោះទឹកជំនន់ ទឹកទន្លេមេគង្គបានធ្វើ​ឲ្យ​ទឹក​ហូរ​ចូលកន្លែងទំនាប និងព្រែកដែល​ក្នុង​នោះ​ទឹក​បានលូនចូល​ ដីចំការដែលក្បែរឬអមសងខាងទន្លេ​ ជាវាលទំនាប​ ហេតុដូច្នេះ សូមប្រជាពលរដ្ឋទាំងដែលរស់នៅក្នុងតំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្

ហារសុខភាព សុវត្ថិភាព និងការត្រៀមរៀបចំបង្ការនាពេលទឹកឡើង ដើម្បីការពារអាយុជីវិតមនុស្ស និងសត្វផងដែរ ។
លោកបានបន្តទៀតថា បើទោះជាអាកាសធាតុមានការប្រែប្រួល​ ដោយមានភ្លៀងធ្លាក់ស្ទើរតែរៀងរាល់ថ្ងៃ​ និងកម្ពស់ទឹកតាមដងទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់​ ក៏ពិតមែន ប៉ុន្តែមិនទាន់មាន បញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឬបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ ។
ពាក់ព័ន្ធនឹងបុណ្យរុក្ខទិវានោះ លោកគួច ចំរើន បានមានប្រសាសន៍លើកឡើងថា ព្រៃឈើពិតជា ផ្តល់នូវអត្ថប្រយោជន៍ និង សារៈសំខាន់ណាស់ ចំពោះសង្គម មនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និង ជារបាំងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍​ ដែល បង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តជាដើម។
លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋត្រូវត្រៀមឯកសារដើម្បីបម្រើក្នុងការបោះឆ្នោត​ និងចូលរួមបោះឆ្នោតឲ្យ បានទាំងអស់គ្នា​ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធបិតេយ្យបានឲ្យបានកាន់តែល្អប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង