អ្នកនាំពាក្យ៖ អ្នកដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលី កំពុងយកពលរដ្ឋខ្មែរជាសត្រូវ និងលាបពណ៌លើអ្នកសង្កេតការណ៍បោះឆ្នោត
(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា លោក Lee Morgenbesser ដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលី កំពុងតែយកប្រជាពលរដ្ឋខ្មែរជាសត្រូវ ហើយនិយាយប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដោយលាបពណ៌អ្នកសង្កេតការណ៍ ថាមិនមានភាពឯករាជ្យ។
លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា អ្នកដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលីនេះ ហាក់ដូចជាមាក់ងាយប្រឆាំងគណបក្សនយោបាយ ចំនួន២០គណបក្សដែលធ្វើការប្រកួតប្រជែង នៅថ្ងៃបោះឆ្នោតសកល ជាពិសេសដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយនិយាយគ្មានមូលដ្ឋាន និងការយល់ដឹងអំពីដំណើរការបោះឆ្នោត។
ក្នុងផេករបស់លោកបានថ្លែងដូច្នេះថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្តFBFs
ការលើកឡើងរបស់លោក Lee Morgenbesser ដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្រ្តាលី ដែលចោទប្រកាន់ថា សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការអន្តរជាតិ ដែលនឹងចូលរួមជាអ្នកសង្កេតការណ៍នៅពេលបោះឆ្នោតសកល នៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ គឺមិនមានឯករាជ្យនោះទេ។ ការលើកឡើងរបស់លោក Lee Morgenbesser បានបង្ហាញដល់សាធារណជន ជាក់ស្តែង នៃល្បិចកលមិនសុច្ចរិត និងវាយតម្លៃលាបពណ៏ អ្នកសង្កេតការណ៍ ដែល ចូលរួមគ្រប់កន្លែងស្ថានីយ៍បោះឆ្នោត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងនេះ គឺមិនមានលក្ខណៈជាអ្នកវិភាគ នោះទេ គឺច្បាស់ណាស់ថាជាអ្នកបញ្ចេញយោបល់ប្រឆាំង និងការបោះឆ្នោតរបស់កម្ពុជា ជាសត្រូវជាមួយប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមាក់ងាយប្រឆាំងនឹងគណបក្សនយោបាយចំនួន២០ គណបក្ស ដែលធ្វើការប្រកួតប្រជែង នៅថ្ងៃបោះឆ្នោតសកលនោះ ជាពិសេស ដំណើរការ លទ្ធិប្រជាធិបតេយ្យកម្ពជា ។ការលើកឡើងនេះ គឺគ្មានមូលដ្ឋាន និងការយល់ដឹងអំពីដំណើរការបោះឆ្នោះនៅកម្ពុជា ហើយស្ថិតនៅក្នុងលក្ខណៈ អត្តនោម័តិផ្ទាល់ខ្លួន(Bias and Subjective )តែប៉ុណ្ណោះ។
ការយកលេស វាយប្រហារមកលើ ឯកឧត្តម ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនាគយករដ្ឋមន្ត្រី អាណត្តិទី៦ របស់កម្ពុជា ដែលជាផលរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដោយចោទថា ឯកឧត្តម ហ៊ុន ម៉ានី ឬ សហភាពសហព័ន្ធយុវជនកម្ពុជា គឺមាន ភាពលំអៀងទៅកាន់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាវាយប្រហារទៅលើអ្នកសង្កេតការណ៍អន្តរជាតិ ដែលគ្មានសមត្ថភាពឯករាជ្យនោះ គឺជាការយល់ច្រឡំខុសពីគោលការណ៍ និងស្ថានភាពជាក់ស្តែងនៅក្នុង ឬខាងក្រៅស្ថានីយ៍បោះឆ្នោតកម្ពុជា។
អាស្រ័យដោយវត្តមាន នៃអ្នកសង្កេតការណ៍តំណាងគណបក្សនីមួយៗ ជាអ្នកឃ្លាំមើល និងការពារផលប្រយោជន៍របស់គណបក្សគេនីមួយៗ រួមជាមួយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ តំណាងអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅទីនោះ គឺក្នុងទិសដៅរក្សាបាននូវគណនេយ្យភាព និងតម្លាភាពដែលជាគោលដៅ ចម្បងនៃការងារសង្កេតការណ៍របស់គេនេះ។
អ្វីដែលខ្ញុំ សោកស្តាយចំពោះលោក Lee Morgenbesser ដែលគ្មានសមត្ថភាពយល់ដឹងនៃដំណើរការ និងគោលការណ៍នៃការបោះឆ្នោតរបស់កម្ពុជា ដោយយល់ច្រឡំពីគោលការណ៍ឯករាជ្យ ជាមួយនិងគោលការណ៍គណនេយ្យភាព និងតម្លាភាពនៃអង្គបោះឆ្នោតនីមួយៗ ដែលគ្រប់ជនជាតិ ប្រាថ្នាចង់បាន។ គួរឲ្យអាម៉ាស់ ដែល លោកខ្ខៅរូបនេះ តាំង ខ្លួនជាអ្នកចេះ”៕