សូមសរសើរអភិបាលខណ្ឌដូនពេញ ដែលឲ្យកូនចៅបើកកន្លែងផ្ញើកង់ម៉ូតូ ជុំវិញវិញផ្សាររាត្រី ពេលបុណ្យអុំទូក ម៉ូតូ១គ្រឿង ពី៥០០០ទៅ១៥០០០ម៉ឺនរៀល
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានមកចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំ២០១៩នេះ
បាននិយាយរិះគន់យ៉ាងចាស់ដៃទៅដល់កន្លែងផ្ញើម៉ូតូ មួយកន្លែងនៅជុំវិញផ្សាររាត្រី ដែលយកថ្លៃផ្ញើម៉ូតូ១គ្រឿង
ចាប់ពីតម្លៃពី៥០០០ទៅ១០០០០ម៉ឺនរៀល ចំណែកឯរថយន្តក្នុងមួយគ្រឿងតម្លៃ ១៥០០០ម៉ឺនរៀល។
ជាមួយនឹងករណីនេះ ប្រភពស្និទ្ធនឹងអ្នកសារព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះ
បាននិយាយប្រាប់អ្នកកាសែតភ្នំពេញរីផតធើ នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះថា ទីតាំងម្តុំផ្សាររាត្រី ដែលតំបន់ (A)
គឺជាតំបន់ដែលសាលារាជធានីភ្នំពេញ ហាមឃាត់ក្នុងការដាក់ជាកន្លែងផ្ញើ កង់ ម៉ូតូ និងរថយន្ត ក្នុងពេលព្រះរាជពិធីបុណ្យអុំទូក ។
ប៉ុន្តែទោះយ៉ាងណា អភិបាលខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ បានប្រឆាំងនឹងបទបញ្ជារបស់អាជ្ញាធររាជធានី
ដោយបើកដៃឲ្យកូនចៅរបស់ខ្លួន យកទីតាំងជុំវិញផ្សាយរាត្រី ធ្វើជាកន្លែងផ្ញើម៉ូតូ រថយន្ត ទៅវិញ។
ប្រភពដដែល បានបន្តថា មុនពេលមានព្រះរាជពិធីបុណ្យអុំទូកចាប់ផ្តើម អាជ្ញាធរាជធានី
ក៏បានចុះណែនាំដល់អភិបាលខណ្ឌដូនពេញផងដែរ ព្រោះដើម្បីសុវត្ថិភាពនៅជុំវិញផ្សាររាត្រី
មិនអនុញ្ញាតឲ្យទីតាំងនោះធ្វើជាកន្លែងផ្ញើម៉ូតូ រថយន្តនោះទេ ហើយក្នុងឱកាសនោះ អភិបាលខណ្ឌដូនពេញ
ក៏បានអះអាងមុខអាជ្ញាធររាជធានីភ្នំពេញថា មិនឲ្យតំបន់ជុំវិញផ្សាររាត្រីមានកន្លែងផ្ញើម៉ូតូរថយន្តនោះទេ ។ ប្រភពដដែលបានបញ្ជាក់ថា
ប៉ុន្តែដឹងអី ដល់ពេលព្រះរាជពិធីបុណ្យអុំទូកចាប់ផ្តើម ស្រាប់តែលោកសុខ ពេញវុធ បានបញ្ជាឲ្យប្រធានសណ្តាប់ធ្នាក់ខណ្ឌ គឺ លោកគឹម
វុត្ថា និងលោកកែម ហេង ជាអនុប្រធានផ្នែកសណ្តាប់ធ្នាប់ យកកន្លែងផ្សាររាត្រី និងតំបន់សំខាន់ៗមួយចំនួនទៀត ដែលត្រូវហាមឃាត់
ធ្វើជាកន្លែងផ្ញើម៉ូតូ រថយន្ត យកលុយដាក់ហោប៉ៅយ៉ាងរំភើយ។ សូមបញ្ជាក់ថា លោកគឹម វុត្ថា និងលោកកែម ហេង
កាលពីមុនជាអ្នករកស៊ី ផ្ញើ កង់ ម៉ូតូ រថយន្តតែប៉ុណ្ណោះ ប៉ុន្តែឥឡូវតំណែងធំនៅក្នុងខណ្ឌដូនពេញយ៉ាងឡូយ
ហើយសុទ្ធតែមានកូនចៅដើរហែហមទៀត។
ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនងអភិបាលខណ្ឌដូនពេញ ដើម្បីបំភ្លឺបានទេ៕