ព្រះរាជពិធីបុណ្យអុំទូកនេះបញ្ចប់ទៅ ដោយជោគជ័យក្រោមម្លប់សុខសន្តិភាពជាមួយនិងការដើរលេងកំសាន្តពីប្រជាពលរដ្ឋមិនតិចជាង៣លាននាក់នៅថ្ងៃបង្ហើយ
ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះអកអំបុកខែឆ្នាំ២០១៩នេះបានបញ្ចប់ទៅដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាពនិងភាពសប្បាយរីករាយក្រៃលែងក្រោមព្រះរាជធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងរួមជាមួយនឹងមហាជនចូលរួមមកយ៉ាងច្រើនកុះករដែលមានចំនួនដល់រាប់លាននាក់ដែលបានធ្វើឲ្យព្រះរាជពិធីនេះមានភាពអធឹកអធមសប្បាយក្រៃលែង។
នៅថ្ងៃទី១២ខែវិច្ឆិកាដែលជាថ្ងៃទី៣នៃការបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យស្តេចយាងទតដោយផ្ទាល់ពីសកម្មភាពការប្រណាំងទូកងទូកមួងរបស់ក្រុមកីឡាករកីឡាការិនីមកពីតាមបណ្តាខេត្តដែលបានចូលរួមប្រណាំងយ៉ាងស្វិតស្វាញដើម្បីដណ្តើមជ័យលាភីត្រលប់ទៅកាន់ស្រុកកំណើតវិញ។
ក្រោយព្រះពិធីប្រណាំងបានបញ្ចប់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យប្រទានពានរង្វាន់ដល់ក្រុមកីឡាករកីឡាការិនីទូកងទូកចែវដែលទទួលបានជ័យលាភីជាទូកឆ្នើមលេខ១ដែលមានល្បឿនលឿនជាងគេរួមទំាងទូកដែលមានសោភ័ណភាពល្អស្រស់ស្អាតជាងគេផងដែរ។
បើតាមប្រភពពីក្រសួងអប់រំយុវជននិងកីឡាបានអោយអ្នកព័ត៌មានដឹងថាព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះបានបញ្ចប់ដោយភាពជោគជ័យនិងរលូនជាទីបំផុតបើទោះបីជាទឹកទន្លេសាបទាបជាងឆ្នាំមុខបន្តិចក៏ដោយហើយការប្រណាំងទូកធានាសុខសុវត្ថិភាពគ្មានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះក្រុមកីឡាករកីឡាការិនីឡើយពិសេសព្រះរាជពិធីកាត់ព្រ័តនិងចាប់កូនខ្លែងបានប្រព្រឹត្តទៅយ៉ាងល្អនិងមានរបៀបរៀបរយស្រស់ស្អាតប្រៀបបបានទៅនឹងនៃក្បួនប្រយុទ្ធរបស់កងទ័ពជើងទឹកខ្មែរដ៏អង់អាចក្លាហានវាយបង្ក្រាបបានជោគជ័យលើពួកខ្មំាងសត្រូវ។
ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះគឺបានបានរកឃើញទូកគូរពិសេសលេខ១ដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៩នេះគឺបានទៅលើទូកឈ្មោះសារ៉ាយតេជោសែនជ័យមកពីខេត្តកណ្តាលទូកលេខ២បានទៅលើទូកឈ្មោះឈ្មោះសម្តេចវិបុលបញ្ញាបារមីមានជ័យមកពីខេត្តតាកែវនិងលេខ៣បានទៅលើទូកឈ្មោះគីរីវង្សសុខសែនជ័យមកពីខេត្តតាកែវ។
ទូកដែលទទួលបានជ័យលាភីលេខ១លេខ២និងលេខ៣ ទទួលបានពានមួយបណ្ណសរសើរមួយរួមទំាងថវិកាមួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនីដែលបានខិតខំចូលរួមប្រណំាងទូកក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃមកនេះ។ឯកឧត្តមអៈអាងថាឆ្នាំនេះគណៈកម្មការរៀបចំការប្រណាំងទូកបានរៀបចំយ៉ាងល្អប្រសើរដូចការការគូផ្គង់ទូកការគ្រប់គ្រងទូកក្នុងពេលប្រកួតមិនឲ្យមានការលួចខ្សែទឹកគ្នាបានឡើយដើម្បីធានាបានតម្លាភាពក្នុងពេលប្រកួត។
គួរបញ្ជាក់ថាប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកបំណែ្តតប្រទីបនិងសំពះព្រះខែអកអំបុកយ៉ាងច្រើនកុះករទំាងពេលថ្ងៃនិងពេលរាត្រីដែលមានកន្លែងកម្សាន្តសប្បាយៗជាច្រើនហើយមូលហេតុដែលនាំអោយប្រជាពលរដ្ឋមកលេងកម្សាន្តដ៏ច្រើននេះដោយសារតែព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានផ្សារភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យដែលមានរយៈពេលឈប់សំរាកយូរថ្ងៃនិងអាកាសធាតុអំណោយផលល្អធ្វើឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តកាន់តែច្រើន។
លោកកែពន្លកនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានបង្ហើបអោយដឹងនៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះថាតាមការប៉ាន់ប្រមាណពីអ្នកជំនាញបានអោយដឹងថាសម្រាប់បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបំណែ្តតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នេះសម្រាប់ថ្ងៃទី១មានមនុស្សមកដើរលែងកំសាន្តជាច្រើនម៉ឺននាក់ហើយសម្រាប់ថ្ងៃទី២មានមនុស្សមកដើរលែងកំសាន្តមានចំនួនច្រើនជាងថ្ងៃទី១។ដោយឡែកសម្រាប់ថ្ងៃទី៣វិញមានមនុស្សមកដើរលែងកំសាន្តមិនក្រោម៣លាននាក់នោះទេ។
សូមបញ្ជាកថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអុំបុកគឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិកដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថារយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ៕