ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃមានពលរដ្ឋកម្សាន្តជិត៥លាននាក់
ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែបានបញ្ចប់ហើយក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ទូកដែលបានចូលរួមប្រកូតប្រជែងមកពីគ្រប់បណ្តាខេត្តក្រុងនិងរាជធានីមានចំនួនសារុប២៩១ទូកនិងមានពលរដ្ឋចូលរួមទាំង៣ថ្ងៃប្រមាណជាង៤លាន៧សែននាក់។សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ក្នុងហ្វេសប៊ុកថ្ងៃទី១៣វិច្ឆិកាថាព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខរបៀបរៀបរយសណ្ដាប់ធ្នាប់សង្គមចរាចរណ៍សង្គ្រោះទូកលិចនិងអ្នកជម្ងឺបានឲ្យដឹងថារយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ បានកត់សម្គាល់ថា៖
១–សភាពការណ៍សន្តិសុខ៖ពិនិត្យជារួមក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុកមានលក្ខណៈល្អប្រសើរដោយពុំមានព្រឹត្តិការណ៍ណាមួយកើតឡើងជះឥទ្ធិពលជាអវិជ្ជមានដល់ស្ថានភាពសន្តិសុខឡើយ។
២–សភាពការណ៍បទល្មើសព្រហ្មទណ្ឌ៖កើតឡើង៨/៨លើកគឺលួច៨/៥លើក(A4២លើក, A8 , A7, A6២លើក, A9, ទីតាំងចំណុះទូក) បណ្តាលឲ្យបាត់ម៉ូតូ៣គ្រឿង, កាបូប២លើកទឹកប្រាក់៥០០ដុល្លាអាមេរិក, អត្តសញ្ញាណប័ណ្ណប័ណ្ណបើកបរនិងទូរស័ព្ទដៃ២គ្រឿង។ករណីខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតម៉ូតូ១គ្រឿងទូរស័ព្ទដៃ១គ្រឿងបានប្រគល់ជូនម្ចាស់វិញ(A4)។
–ហិង្សាដោយចេតនា២/១លើក(A8, A7) ក្នុងនោះ១ករណីបង្កឡើងដោយអ្នកថែរក្សាវត្តវាយគ្នាជាមួយអ្នកខាងក្រៅនិង១ករណីទៀតរវាងចំណុះទូកនិងចំណុះទូកករណីទាំង២នេះសមត្ថកិច្ចបានសម្របសម្រួលរួចរាល់។
សេចក្តីរាយការណ៍កត់សម្គាល់ថាដោយឡែកបទល្មើសឆក់ក្នុងឆ្នាំនេះពុំមានសភាពការណ៍កើតឡើងទេធៀបទៅឆ្នាំ២០១៨កើតឡើង២លើក។
៣–សភាពការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងចំនួន១៩/២៧លើកក្នុងនោះ៖
–ផ្ទុះកំប៉ុងហ្គាស០/១០លើក
–គ្រោះថ្នាក់ចរាចរណ៍០/១លើក
–លិចទូក១០/១១លើកស្មើ១០ទូក(A10) ជួយសង្រ្គោះកីឡាករបានទាំងអស់ពុំមានគ្រោះថ្នាក់
–ខ្យល់គរ៧/៤លើក(A10 ៤លើក, A8, A7, ចំណុះទូក១នាក់) បញ្ជូនទៅមន្ទីពេទ្យសង្រ្គោះបានទាន់ពេល
–ទូកបុកគ្នា១លើករបួសកីឡាករ៥នាក់(ហ្វឹកហាត់ទីតាំងចំណុះទូក)
–អគ្គិភ័យកើតឡើង១/១លើក(A5) នៅក្រសួងធម្មការនិងសាសនា(បន្ទប់ប្រធាននាយកដ្ឋានពុទ្ធសាសនបណ្ឌិត) ខូចខាតសម្ភារៈមួយចំនួនប៉ុន្តែមិនបង្ករឲ្យមានរបួសស្នាម(ឆ្លងចរន្តអគ្គីសនី)។ករណីនេះសមត្ថកិច្ចបានជួយសង្រ្គោះទាន់ពេលវេលា។
*លទ្ធផលអន្ដរាគមន៍និងសង្គ្រោះ៖
–នៅតំបន់A3 បានដកហូតអាវដែលមានអក្សរPolice លើស្រ្តី១នាក់អប់រំរួចឲ្យត្រឡប់ទៅវិញនិងឃាត់ខ្លួនបុរសឈ្មោះគិតធារ៉ាអាយុ៣៣ឆ្នាំដែលរត់ចូលក្បួនរថយន្តសម្តេចនាយករដ្ឋមន្ត្រីហើយបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដើម្បីអនុវត្តនីតិវិធីបន្ត។
–នៅតំបន់A4 សមត្ថកិច្ចបានឃាត់ខ្លួនយុវជន២នាក់ភេទប្រុសពីបទបង្កបាត់សណ្តាប់ធ្នាប់។
–ជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន៥១លើក=៥២នាក់. (A4=២៦ន.A3=៩ន. A7=៨ន.A5=៣ន. A8=១ន.A6=២ន. A9=៣ន.) បានប្រគល់ជូនក្រុមគ្រួសារ។
–បានជួយសង្គ្រោះពិនិត្យនិងព្យាបាលជម្ងឺ១៥.៨២៣នាក់(ស្រី៤.៦៤៥នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន២១នាក់(ស្រី៣)។
–បានជួយសង្រ្គោះស្រ្តីឈឺពោះសម្រាលកូនបញ្ជូនទៅមន្ទីពេទ្យ(A4) និងជួយសង្រ្គោះជនចាស់ជរាដើរពុំរួច២នាក់(A6)។
–បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋានផ្ទះសំណាក់ផ្ទះជួលភោជនីយ៍ដ្ឋានហាងលក់ខោអាវ….. បានចំនួន៥០៨កន្លែងនិងចែកខិត្តប័ណ្ណជូនប្រជាពលរដ្ឋអាជីវករចំនួន៧៤៨សន្លឹក៕