Facebook បិទគណនីក្លែងក្លាយប្រមាណ៥.៤ពាន់លាន និងប្រើប្រាស់ AI ខ្លាំងជាងមុន ដើម្បីបង្ក្រាបព័ត៌មានក្លែងក្លាយ
(អាមេរិក)៖ បណ្តាញទំនាក់ទំនងសង្គមធំបំផុតក្នុងលោក Facebook បានប្រកាសនៅថ្ងៃពុធ សប្តាហ៍នេះថា គណនីក្លែងក្លាយ (Fake Account) ប្រមាណ ៥.៤ពាន់លានគណនីហើយ ត្រូវបានកម្ចាត់ចោលគិតត្រឹមឆ្នាំ២០១៩ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកមួយនេះ កំពុងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រសើរជាងមុន ដើម្បីតាមប្រមាញ់ព័ត៌មានមិនពិត និងគណនីក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយសារតែមានការកើនឡើង នៃការព្យាយាមបង្កើតគណនីក្លែងក្លាយជាច្រើននោះ Facebook បានអះអាងថា ខ្លួនបានបង្កើនកិច្ចការពារ និងធ្វើការបិទចោលនូវគណនីទាំងនោះភ្លាមៗ បន្ទាប់ពីទើបបង្កើតបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធនាការ និងជាការបង្កើនសមត្ថភាពបន្ថែម ដើម្បីតាមប្រមាញ់គណនីក្លែងក្លាយ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយ Facebook បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្កើនសមត្ថភាព នៅក្នុងការបិទគណនីដែលត្រូវបានបង្កើតឡើងដោយក្លែងបន្លំ ឬគណនីមិនសមរម្យផ្សេងៗ…»។