ស្នើឲ្យព្រះសង្ឃមួយអង្គ សឹកជាបន្ទាន់ ព្រោះធ្វើឲ្យនាងមានផ្ទៃពោះ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យព្រះសង្ឃមួយ អង្គគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញសឹកជាបន្ទាន់ ដើម្បីទៅទទួលខុសត្រូវលើស្រ្តីម្នាក់ ដែលធ្វើឲ្យនាងមានផ្ទៃពោះ ។
សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានជុំវិញករណីសង្ឃអង្គនោះ បាននិយាយថា ព្រះអង្គរូបនេះ បានលួចលាក់មានស្នេហាជាមួយស្ត្រីម្នាក់រហូតដល់មានកូនក្នុងផ្ទៃ។ ដោយសារមើលឃើញទង្វើបែបនេះ ទើបសម្ដេច ស្នើឱ្យព្រះសង្ឃអង្គនោះ សឹកពីវិស័យសាសនា ដើម្បីទទួលខុសត្រូវចំពោះស្ត្រីនោះ ។ បើមិនដូច្នេះទេ គណៈសង្ឃនៃរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់។
សម្តេច បានលើកឡើងយ៉ាងថា សមត្ថកិច្ចនគរបាល បានដឹងអស់ហើយថា ព្រះអង្គគង់នៅវត្តណា ដូច្នេះ ព្រះអង្គសឹកទៅ ហើយទៅយកនាងធ្វើជាប្រពន្ធពេញច្បាប់ ព្រោះនាងពោះធំហើយ។ ថ្លែងដោយមិនបញ្ចេញកិត្តិនាមព្រះសង្ឃអង្គនោះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា៖ “សមត្ថកិច្ច នគរបាល គេដឹងថា ព្រះអង្គគង់នៅវត្តណាហើយ។ ដូច្នេះពេលឮខ្ញុំករុណាខ្ញុំនិយាយហើយ ព្រះអង្គសឹកឱ្យហើយទៅ ហើយទៅយកនាងហ្នឹងទៅ ព្រោះនាងហ្នឹងផើមហើយ”។
ការមានប្រសាសន៍ របស់សម្តេចតេជោបែបនេះ ក្រោយពីទទួលដំណឹងថា មានស្រ្តីម្នាក់បានរៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុក និយាយពីព្រះសង្ឃម្នាក់ ធ្វើឲ្យខ្លួនមានផ្ទៃពោះហើយ មិនទទួលខុសត្រូវ ដោយដោះដៃចោល ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចតេជោ មិនបានបញ្ចេញឈ្មោះ ព្រះសង្ឃអង្គនោះឡើយ។
សម្តេចបានបញ្ជាក់ថា បើមិនសឹកទេ គណៈសង្ឃរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ នឹងអនុវត្តវិធានការច្បាប់ ជាក់ជាមិនខានឡើយ៕