ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញខ្មោចនាវាចម្បាំងរុស្ស៊ីនៅបាតសមុទ្រជម្រៅជាង៤០០ម៉ែត្រ ដែលផ្ទុកដោយមាស មានតំលៃ១៣៣ ពាន់លានដុល្លារ

212

បរទេស៖ អ្នកមុជទឹកបាតសមុទ្ររបស់កូរ៉េខាងត្បូងមួយក្រុមបានរកឃើញបំណែកនាវាចម្បាំងរុស្ស៊ី Dimitrii Donskoi ដែលលិចនៅបាតសមុទ្រកាលពី ១១៣ ឆ្នាំមុន ហើយនៅនៅក្នុងនាវាចម្បាំងនោះបានផ្ទុកដោយមាស មានតំលៃ១៣៣ ពាន់លានដុល្លារ។

  នេះបើយោងតាមកាសែត Daily Mail ផ្សាយកាលពីថ្ងៃពុធទី១៨កក្កដា។

នាវាចម្បាំងនេះបានពន្លិចខ្លួនវានៅក្បែរកោះ Ulleungdo ក្នុងឆ្នាំ ១៩០៥ ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងដៃរបស់ជប៉ុន ក្រោយពីការប្រយុទ្ធគ្នានៅសមរភូមិ Tsushima អំឡុងសង្គ្រាមរុស្ស៊ីនិងជប៉ុន។

នាវា Dimitrii Donskoi ត្រូវគេជឿថាបានដឹកមាស ដែលមានតម្លៃ ១៣៣ ពាន់លានដុល្លារនៅតម្លៃបច្ចុប្បន្ន។

ចាប់តាំងពីពេលនោះមក ក្រុមយុទ្ធនាការមួយរបស់រុស្ស៊ីបានទាមទារឱ្យដឹកមាសទាំងនោះមករុស្ស៊ីវិញដើម្បីជា “កាយវិការសុឆន្ទៈ”។

លោក Yaroslav Livanskiy មន្ត្រីនៃចលនាសាធារណៈរុស្ស៊ីដើម្បីអបអរសាទរអ្នកដែលស្លាប់ដើម្បីការពារមាតុភូមិ បានដឹកនាំការអំពាវនាវនេះ។

លោក Livanskiy ដែលជាប្រធានក្រុមជួយសង្គ្រោះនៅបាតសមុទ្រនៅភាគខាងកើតនៃប្រទេសរុស្ស៊ីដែរនោះ បាននិយាយថា “នាវាចម្បាំងនេះគឺជាការរកឃើញមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសរុស្ស៊ី វាជាវត្ថុបុរាណដ៏មានតម្លៃ ជានិមិត្តរូបនៃអតីតកាលដ៏អស្ចារ្យ និងសោកនាដកម្មរបស់យើង ដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្តយោធារបស់រុស្ស៊ី។ ដូច្នេះអ្វីដែលគេរកឃើញនៅលើនាវានោះ គឺមិនអាចញែកដាច់ពីតម្លៃរួមនៃការរកឃើញនេះបានទេ”។

ក្រុមអ្នកមុជទឹកមកពីក្រុមហ៊ុន Shinil Group បាននិងកំពុងស្វែងរកបំណែកនាវានេះអស់រយៈពេលជាច្រើនឆ្នាំនិងទីបំផុតបានរកឃើញវាកាលពីថ្ងៃសៅរ៍ទី ១៤ កក្កដា នៅជម្រៅប្រហែល ៤៣៤ ម៉ែត្រ នៅចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីកោះ Ulleungdo៕

 

 

អត្ថបទដែលជាប់ទាក់ទង