លោកទូច សុខៈ ថា អ្វីដែលសឹងមិនជឿ គឺផ្សាយព័ត៌មានផ្ទះខ្លួនឯង តែមិនដឹងថាជាផ្ទះខ្លួនឯង
ភ្នំពេញ៖ បន្ទាប់ពីភ្លើងឆេះផ្ទះអស់គ្មានសល់ លោកទូច សុខៈ ដែលជាពិធីករប្រចាំទូរទស្សន៍ហង្សមាស បានសរសេរលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៩ថា
“ផ្ទះកំសត់! ទម្រាំទិញផ្ទះនេះបាន ខ្ញុំបានឆ្លងកាត់បន្ទប់ជួល៤កន្លែង រួមមាន ជាន់ទីបួនម្ដុំអូឫស្សី ខាងកើតវត្តសន្សំកុសល ម្ដុំបឹងត្របែកខាងត្បូង
និងនៅលេីបឹងទំពន់ជាប់ផ្លូវ៣៧១។ ក្រោយមក ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តខ្ចីលុយធនាគារ
ដោយបង់រំលោះរយៈពេលជាង១០ឆ្នាំទិញផ្ទះនេះក្នុងតម្លៃ២៥០០០ដុល្លារ”។
លោក បានថ្លែងយ៉ាងកម្សត់ថា “គិតថា ចាំធូរធារបន្តិចនឹងជួសជុលឱ្យប្រសើរបន្តិចទុកជាអនុស្សាវរីយ៍ ដឹងអីត្រូវរងគ្រោះដោយអណ្ដាតភ្លើង។
ពេលវាឆេះខ្ញុំមិនបាននៅកន្លែងកើតហេតុទេ ដោយកំពុងផ្សាយព័ត៌មាននៅទូរទស្សន៍។ អ្វីដែលសឹងមិនជឿ គឺផ្សាយព័ត៌មានផ្ទះខ្លួនឯង តែមិនដឹងថាជាផ្ទះខ្លួនឯង!”
តាមប្រភពពីកន្លែងកើតហេតុ និងអ៊ុំស្រីម្ចាស់ផ្ទះជាប់គ្នាប្រាប់ថា គឺទុសេពីក្នុងបន្ទប់ជួលផ្ទះគាត់នៅជាន់ខាងលើ ហើយគាត់ស្មានតែសំឡេងគេវាយកណ្ដុរក៏មិនចាប់អារម្មណ៍។
រហូតដល់ឆេះសន្ធោសន្ធៅទៅហើយទើបដឹងថាភ្លើងឆេះ ហើយវាបានរាលដល់ផ្ទះខ្ញុំរួចហើយដែរ។ ភ្លើងឆេះមិនដល់៥នាទី សឹងគ្មានសល់
ដោយបានក្រុមពន្លត់អគ្គីភ័យអន្តរាគមន៍បន្ថែម។
លោកថា ខ្ញុំសូមថ្លែងអណរគុណចំពោះ ឯកឧត្ដម លោកជំទាវ និងបងប្អូនទាំងអស់ដែលផ្ញើសាចូលរួមសោកស្ដាយដល់ខ្ញុំ។
សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានចុះផ្សាយផងដែរ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏បញ្ជាក់ជូនបងប្អូនមួយចំនួន
ពិសេសអ្នកសារព័ត៌មានដែលតាំងសំណួរមកខ្ញុំអំពីសំណងខូចខាត។ ជាការពិតផ្ទះដែលជាប្រភពបង្កហេតុមានកាតព្វកិច្ចជួសជុលសំណង
ប្រសិនម្ចាស់ផ្ទះរងគ្រោះជិតខាងប្ដឹងទាមទារ ប៉ុន្តែទោះខ្ញុំមិនសូវសម្បូរធនធាន ដោយយោងគោលការណ៍ក្បែរខាង ខ្ញុំមិនទាមទារឱ្យគាត់សងការខូចខាតទេ។
លោកថា ខ្ញុំនឹងព្យាយាមសន្សំប្រាក់ដើម្បីសាងសង់តាមទម្រង់ចាស់ទុកជាអនុស្សាវរីយ៍។ ខ្ញុំពិតជាមិនចង់បាត់វាទេ ព្រោះជាញើសឈាមប្ដីប្រពន្ធ
និងការជ្រោមជ្រែងរបស់ប្អូនៗថ្លៃ ពុកម្ដាយក្មេង។ ជាពិសេស អ្នកមានគុណម្នាក់ទៀត ដែលបានឧបត្ថមប្រាក់បង់ផ្ដាច់ធនាគារ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់នគរបាលជំនាញថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ
១២៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០២ ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ម្ចាស់ផ្ទះរងឈ្មោះ អ៊ុច សុខហេង ភេទស្រី អាយុ៧២ឆ្នាំ មុខរបរជរានៅផ្ទះ ។ ផ្ទះរងគ្រោះធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ។
ហេតុការណ៍ខាងលើ បានឆេះបំផ្លាញផ្ទះ២ខ្នងទាំងស្រុង និងរោលជញ្ជាំងផ្ទះដែលនៅក្បែរខាងអស់ចំនួន២ខ្នង និងមិនបណ្តាលឲ្យមានគ្រោះថ្នាក់មនុស្ស ។
ក្នុងនោះគេឃើញមានរថយន្តការិយាល័យអគ្គិភ័យ ចំនួន៩គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងរថយន្តជំនួយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៥គ្រឿង,
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕