ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ មិនអាចប្រើប្រាស់បន្តទៀតបាន ទើបត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់
ព្រះសីហនុ៖ ទាក់ទងនឹងការកសាងផ្លូវនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយសារតែបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ គឺមិនអាចប្រើប្រាស់បន្តទៀតបាន ដូច្នេះហើយទើបយើងត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុងមានសក្តានុពល។
នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវចំនួន ៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាទីក្រុងទំនើបដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីសោកនាដកម្ម នៃខេត្តព្រះសីហនុ ដែលទទួលរងការបាក់ធ្លាក់រលំអគារកម្ពស់៧ជាន់កន្លងទៅ ក្នុងឆ្នាំ ២០១៩ ថ្មីៗនេះ ដែលបានធ្វើឲ្យពលរដ្ឋស្លាប់ និងរងរបួសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ក្នុងសោកនាដកម្មនោះ ដែលពេលនោះ សម្តេចតេជោបានអញ្ជើញ មកជួយសង្គ្រោះដល់ជនគ្រោះចំនួន ២ នាក់ចុងក្រោយ ដែលជាប់នៅបាតក្រោមគំនរអគារបាក់នោះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដោយប្រើប្រាស់ថវិការបស់រដ្ឋតាមមរយៈក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់។ ប៉ុន្តែប្រសិនបើខេត្តមិនអាចមានលទ្ធភាពរកទុនបានគ្រប់ទេនោះ គឺរាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាទាំងអស់តែម្តង។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ $២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១)ប្រភេទមហាវិថី , ២)វិថី និង ៣)អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញគឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។
ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រគម្រោងអភិវឌ្ឍក្រុងព្រះសីហនុ ដែលគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិផង និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕