អភិបាលខេត្តព្រះសីហនុថា៖ផ្លូវទាំង៣៤ ខ្សែនេះមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រមានរង្វង់មូលចំនួន៣និងស្ពានចំនួន៦
ខេត្តព្រះសីហនុ៖លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថាផ្លូវទាំង៣៤ខ្សែនេះមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រមានរង្វង់មូលចំនួន៣និងស្ពានចំនួន៦ប្រវែង២៥២ម៉ែត្រ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាព្រឹកថ្ងៃនេះធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋនិងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។
ក្នុងឱកាសនោះលោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថាផ្លូវទាំង៣៤ខ្សែនេះមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រមានរង្វង់មូលចំនួន៣និងស្ពានចំនួន៦ប្រវែង២៥២ម៉ែត្រ។ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖១៖មហាវិថីចំនួន៣ខ្សែប្រវែងជាង២២គីឡូម៉ែត្រមានទទឹង៥០ម៉ែត្រទ្រូងផ្លូវទទឹង២៥.៧៥ម៉ែត្រមានគន្លងផ្លូវរថយន្ត៦គន្លង(៣ទៅ៣មក) ផ្លូវទោចក្រយានយន្ត២គន្លងរួមមាន៖មហាវិថីរាម(លេខ៤៥), មហាវិថីឆ្នេររាមនិងមហាវិថីជំទាវម៉ៅ(លេខ៤៧)។
២៖វិថីមានចំនួន១៦ខ្សែមានប្រវែងជិត៥០គីឡូម៉ែត្រមានទទឹង២០ម៉ែត្រទៅ៤០ម៉ែត្រទ្រូងផ្លូវទទឹង១០.២៥ម៉ែត្រទៅ១៧.២៥ម៉ែត្រមានគន្លងផ្លូវរថយន្ត២គន្លងទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។វិថីទាំង១៦ខ្សែនេះរួមមាន៖វិថីលេខ៨៣៧–១វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល(លេខ៥០) វិថីកោះពូឡូវៃ(លេខ៣០០), វិថីឯករាជ្យ(លេខ១០០), វិធី២ធ្នូ(លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី(លេខ១២៣៧), វិថីបុរីកម្មករ(លេខ១១២), វិថីជោតញ្ញាណ(លេខ៧០១), វិថី២៨មិថុនា(លេខ១២៣), វិថីមិត្តភាពកម្ពុជា–រុស្ស៉ី(លេខ៧០៥) វិថីចំណោតអូរត្រាវនិងវិថីឆ្នេរពយជំទាវម៉ៅនិងវិថីអូរត្រជាក់ចិត្ត។
៣៖អនុវិថីមានចំនួន១៥ខ្សែមានប្រវែងជិត១២គីឡូម៉ែត្រមានទទឹងផ្លូវពី១៥ម៉ែត្រទៅ៤៥ម៉ែត្រទ្រូងផ្លូវទទឹង១០.២៥ម៉ែត្រមានគន្លងផ្លូវរថយន្ត២គន្លងនិងផ្លូវទោចក្រយានយន្ត២គន្លង។អនុវិថីទាំង១៥ខ្សែនេះរួមមាន៖ផ្លូវកាត់ទទឹងវិថីអូរត្រេះនិងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦និងផ្លូវលេខ១២៦លើកលែងតែកំណាត់ទី៣នៃផ្លូវលេខ៨០១ប្រវែង១០៣ម៉ែត្រផ្លូវមានទទឹង១០ម៉ែត្រ។
លោកអភិបាលខេត្តបានបន្ថែមថា៖ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបដែលមានសោភណភាពបរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍និងធុរកិច្ចជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់បានយូរអង្វែងការស្ថាបនាផ្លូវទាំង៣៤ខ្សែត្រូវគោរពតាមគោលការណ៍និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖១៖គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០។២៖កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។៣៖សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៖ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់២៥០មិល្លីម៉ែត្រក្រាលកៅស៊ូបេទីមកម្រាស់៧០មិល្លីម៉ែត្របេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុងនិងផ្លូវជិះកង់ទទឹង១.៥០ម៉ែត្រក្រាលកៅស៊ូបេទីមកម្រាស់៥០មិល្លីម៉ែត្រមានដាំស្មៅនិងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែនិងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់១ម៉ែត្រនិងលូទឹកកខ្វក់មុខកាត់១ម៉ែត្រតាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។បន្ថែមពីលើនេះផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។បើតាមគណៈកម្មការសាងសង់ផ្លូវបានឲ្យដឹងថាផ្លូវទាំង៣៤ខ្សែត្រូវសាងសង់នៅខេត្តព្រះសីហនុនេះត្រូវប្រើប្រាស់ថវិកាប្រមាណជាង២០០លានដុល្លារដែលមានក្រុមហ៊ុនចំនួន៧ទទួលសិទ្ធិសាងសង់ប្រើប្រាស់រយៈពេលតែ៨ខែប៉ុណ្ណោះ។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើបរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនិងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិមជ្ឈមណ្ឌលកំណើនជាតិមជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោកនិងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ការសាងសង់ផ្លូវប្រកបដោយប្រណិតភាពទាំង៣៤ខ្សែនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕