ជនជាតិម៉ាឡេស៊ីម្នាក់ ជួញដូរថ្នាំញៀន ជាងមួយគីឡូក្រាម ឆ្លងដែន ត្រូវនគរបាលចាប់ខ្លួន
ភ្នំពេញ៖ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦វិច្ឆិកានេះ បានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះលេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមន្ទីរគ្រឿងញៀន បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្នុងប្រតិបត្តិការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែននោះ ដោយអនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧/១០/១៩៨០ មុខរបររ៉ូលីននៅកាស៊ីណូណាហ្គាវើល កាន់លិខិតឆ្លងដែនលេខ A37098072 ។
ចាប់យកវត្ថុតាងសារធាតុញៀនរួមមាន៖១-អ៊ិចស្តាស៊ី ១០៩៩,៨៧ក្រាម, ២-កេតាមីន ២៩,៥៥ ក្រាម, ៣-មេតំហ្វេតាមីន(ICE) ០,៨៨ក្រាម, ៤-នីមេតាហ្សេប៉ាម ៤៤,៩៩ក្រាម។ សរុបរួមទម្ងន់ ១គីឡូក្រាម ១៧៥,២៩ក្រាម។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕