អ្នកខេត្តស្វាយរៀង ផ្អើលនាំគ្នា ទៅសុំទឹកពុះកណ្តាលស្រែផឹក ដោយមានជំនឿថាពូកែស័ក្តិសិទ្ធិ អាចព្យាបាលជំងឺសះស្បើយ
ខេត្តស្វាយរៀង៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញប្រជាពលរដ្ឋនាំគ្នា កាន់ធូបទៀនចេកទៅ អុជធូបសុំដងទឹកផុស ចេញពីក្នុងដីក្នុងទឹកស្រះកណ្តាលវាលស្រែ ដោយអ្នកទាំងនោះ មានជំនឿថាពូកែស័ក្តិសិទ្ធិ អាចព្យាបាលជំងឺបាន ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលមានជំងឺប្រចាំកាយ នាំគ្នាទៅអុជធូបសុំដងទឹក ដែលពុះផុសចេញពីក្នុងស្រះនោះ មកផឹកខ្លះអះអាងថា បានជាធូរស្រាល និងខ្លះទៀតយកមកលាបដៃជើង បាត់ចុករោយសន្លាក់់ផងដែរ។ ដែលទឹកស្រះពុះនេះកើតឡើងក្នុងភូមិ ថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
បើតាមលោកឈ្មោះ សឹង ណារិទ្ធិ ភេទប្រុសអាយ៥៥ឆ្នាំ រស់នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ដែលជាម្ចាស់ស្រែ បានឲ្យដឹងថា៖ ទឹកពុះក្នុងស្រះរបស់គាត់នេះ កើតឡើង៣ទៅ៤ឆ្នាំមកហើយ ក៏ប៉ុន្តែគឺពុះនៅពេលរដូវវស្សា ហើយការពុះទឹកនេះ គឺពុះតូចៗដូចត្រីបណ្តើរកូន ទើបតែឆ្នាំ២០១៩នេះ គឺស្រាប់តែពុះខ្លាំងតែម្តង។
ប្រភពខាងលើបានបន្តថាៈ ហើយដើមចមដែលនាំឲ្យមានការផ្អើល មកសុំទឹកយកទៅផឹកព្យាបាលជំងឺ ដោយមានរឿងចម្លែកមួយ គឺអ្នកភូមិថ្នល់ទទឹងម្នាក់ មានមេគោកើតកូន ក្រោយពីកើតកូនហើយមេគោនោះ មានជំងឺដើរមិនរួច ម្ចាស់គោក៏បានទៅរកអ្នកចូលរូប ក្នុងភូមិឲ្យចូលរូបមើលតើខុសអី បានជាហៅពេទ្យចាក់ថ្នាំ ឲ្យមេគោនេះហើយ មិនជាសោះ ពេលនោះអ្នកចូលរូបបានប្រាប់ថា ឯងទៅដងទឹកពុះស័ក្តិសិទ្ធិ យកឲ្យមេគោផឹកទៅជាហើយ។
លោកបានបន្តទៀតថាៈ ក៏ប៉ុន្តែអ្នកចូលរូបនោះ មិនបានប្រាប់ថាកន្លែងទឹកពុះ នៅកន្លែងណាទេ ពេលដែលម្ចាស់គោត្រឡប់មកផ្ទះវិញ និយាយប្រាប់គេឯងតាមដំណើររឿង ក៏បានឮដល់អ្នកភូមិម្នាក់ទៀត បានប្រាប់ថាភូមិយើងមានទឹកពុះ នៅស្រះទឹកក្នុងស្រែរបស់ឈ្មោះសឹង ណារិទ្ធិ ពេលនោះម្ចាស់គោ និងអ្នកភូមិក៏នាំគ្នាមកអុជធូបសុំដងទឹកពុះនោះ ដោយបួងសួងថា បើបារមីចាំស្រះទឹកពុះនេះ ពូកែស័ក្តិសិទ្ធិ ខ្ញុំសុំដងទឹកនេះ យកទៅឲ្យមេគោខ្ញុំដែលឈឺនៅផ្ទះ សូមឲ្យជាសះស្បើយ ខ្ញុំនឹងមកថ្វាយនំចំណីផ្លែឈើ ក្រោយពីដងទឹកច្រកឲ្យគោផឹក មកមេគោនោះ ស្រាប់តែជាស្ទុះឡើងឈររួច ដើរបានជាធម្មតាវិញ។ ហើយម្ចាស់គោ ក៏បាននិយាយតៗគ្នាទៅក៏ឮដល់អ្នកស្រុក ដែលមានជំងឺរ៉ាំរ៉ៃ ដូចជាឈឺស្ពឹកដៃជើងឈឺក្បាលវិលមុខមិនបាត់ ស្គមស្គាំងនាំគ្នាមកបន់ស្រន់ សុំដងទឹកពុះនោះ យកទៅផឹកក៏បានធូរស្រាល និងអះអាងថាជា ហើយបានទៅនិយាយតៗគ្នា ក៏លិចឮក្នុងវត្តនាថ្ងៃពេញបូណ៌មីខែកក្តិក ក៏បានផ្អើលនាំគ្នាមកអុជធូប សុំដងទឹកទៅផឹកព្យាបាលជំងឺគ្រប់គ្នា ហើយប្រាប់ថាធូរស្រាលចាប់ពីថ្ងៃពេញបូណ៌មីនោះមក ក៏មានមនុស្សជិតឆ្ងាយដែលបានដឹងតៗគ្នានោះ មកអុជធូបសុំបារមីទឹកផុះ ឬទឹកពុះយកទៅផឹកហូហែរ ក្នុងមួយថ្ងៃមានចាប់ពី១០០នាក់ទៅ២០០នាក់ រៀងរាល់ថ្ងៃ ហើយមានគេមកប្តូរខ្ទមរានទេវតា ដែលធ្វើនៅមាត់ស្រះជាថ្មឲ្យថ្មី សម្រាប់មហាជនដែលមកសុំដងទឹកពុះនេះ អុជធូបនិងបន់ស្រន់សុំសេចក្តីសុខ និងថ្វាយតង្វាយ ដែលគេបានបន់ស្រន់សុំឲ្យជាជំងឺ ហើយបានជាអ្នកខ្លះគេហៅថាអ្នកតាទឹកពុះ មានបារមីពូកែស័ក្តិសិទ្ធិ ក៏ប៉ុន្តែការពិតទីនេះមិនដែលមានអ្នកតាទេ គឺគាត់ជាម្ចាស់ស្រែគ្រាន់តែ ធ្វើរានទេវតាដាក់ក្រោមដើមឈើ នៅកែងស្រែគ្រាន់អុជធូបសុំសេចក្តីសុខ ពេលមកធ្វើស្រែ ឬជ្រកម្លប់ពេលមករកត្រី និងឃ្វាលគោប៉ុណ្ណោះ។ ដោយនៅក្នុងក្រុងបាវិតនេះ តាំងពីបុរាណមកមិនដែលមានទឹកផុស ឬទឹកពុះផង ពេលមានកើតឡើងបែបនេះ ហើយមានអ្នកចូលរូបប្រាប់ថា ទឹកពុះនេះមានបារមីកាន់ពូកែស័ក្តិសិទ្ធិ។
បើអ្នកណាមានជំនឿ ជឿជាក់អុជធូបសុំដងទឹកពុះនេះ យកទៅផឹក គឺអាចព្យាបាលជំងឺជាសះស្បើយតាមបំណងប្រាថ្នា ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿកុំប្រមាថ ហើយមិនបាច់មកដងទឹកពុះនេះ យកទៅទេ មិនបានផលឡើយ។
ហើយនៅថ្ងៃទី១៦វិច្ឆិកា២០១៩នេះ មានមនុស្សម្នាមកពីក្រុងបាវិត ស្វាយរៀង នាំគ្នាទៅអុជធូបសុំដងទឹកពុះ យកទៅផឹកព្យាបាលជំងឺហូរហែរផងដែរ ហើយគ្មានបង្គាប់អ្វីទេ គឺតាមសទ្ធា ខ្លះក៏ដាក់ផ្លែឈើខ្លះ ដាក់ថ្វាយនំចំណី ខ្លះគ្រាន់តែអុជធូប និងអ្នកខ្លះថ្វាយជាប្រាក់១ពាន់រៀល ខ្លះ១ដុល្លារ ពុំមានអ្នកចាំទាយកលាភនោះឡើយ ម្ចាស់ស្រែគ្រាន់តែបោះតង់ ដាក់គ្រែអង្គុយចាំស្រែប៉ណ្ណោះ។
សូមបញ្ជាក់ផងដែរថាៈ ទឹកពុះនេះ គឺស្ថិតនៅកណ្តាលវាលស្រែ ចុះពីភូមិទៅចម្ងាយប្រមាណ៧០០ម៉ែត្រ ទើបដល់ ដូច្នេះត្រូវទុកម៉ូតូ និងរថយន្ត នៅផ្ទះអ្នកស្រុក និងនៅតាមភ្លឺប្រឡាយ ហើយនាំគ្នាដើរទៅតាមភ្លឺភ្លោះ ដែលមានទឹកល្បាប់រអិលផងដែរ។ ហើយឃើញមានអ្នកមានជំងឺទឹកនោមផ្អែម និងលើសឈាម ទៅសុំដងទឹកពុះនោះ ជាច្រើននាក់ដោយចង់ជាពីជំងឺ។
ទោះបីជាយ៉ាងណា នៅពុំទាន់មានខាងអាជ្ញាធរ ឬក៏មន្ត្រីជំនាញអះអាង ឬក៏ចុះទៅធ្វើការពិនិត្យ ឱ្យដល់ទីកន្លែងនោះ ដើម្បីធ្វើការបំភ្លឺដល់មហាជន ឱ្យដឹងរឿងរ៉ាវ ដែលកំពុងតែជ្រួលច្របល់នោះដែរ រហូតមកដល់នឹងរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយពុំដឹងថា មានមូលហេតុអ្វីនោះឡើយ៕