ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេទ័ពកម្ពុជា-ថៃតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍តាមបណ្តោយព្រំដែនដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រទេសទាំង២

516

(ឧត្តរមានជ័យ)មេបញ្ជការយោធភូមិភាគទី៤កម្ពុជានិងមេបញ្ជាការយោធភូមិភាគទី២ថៃបានប្តេជ្ញាពង្រឹងកិច្ចសហការតាមខ្សែបន្ទាត់ព្រំដែនក្នុងទិសដៅឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំង២កាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការអភិវឌ្ឍន៍តាមបណ្តោយព្រំដែនយោធាកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៤ដោយមានការចូលរួមពីឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យនិងក្រុមការងារខណៈយោធាថៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោថាន់យ៉ាគៀតទិសានមេបញ្ជាការនិងមានការចូលរួមពីអភិបាលខេត្តបុរីរាំនិងក្រុមការងារ។ភាគីទាំង២បានធ្វើការប្តេជ្ញានិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀតស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកពៅហេងបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់អគ្គមេបញ្ជាការក៏ដូចជាមេបញ្ជាការកងទ័ពជើងគោកចំពោះមេបញ្ជាការអភិបាលខេត្តនៃកងទ័ពភូមិន្ទថៃទាំងអស់ដែលបានសហការល្អកន្លងមក។

ជាក់ស្តែងសភាពការណ៍កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះបានធ្វើឲ្យក្រុមក្បត់ជាតិទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត។ការទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះក៏ដោយសារនាយករដ្ឋមន្ត្រីប្រទេសទាំង២បានសហប្រតិបត្តិការស្អិតរមួត។

លោកឧត្តមសេនីយ៍ឯកពៅហេងបានបញ្ជាក់ថា«យោធភូមិភាគទី៤និងយោធភូមិភាគទី២ភាគីថៃបានសហការគ្នាបានល្អ»

ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណចំពោះភាគីថៃដែលបានខិតខំយកចិត្តទុកដាក់ជួយទប់ស្កាត់រាល់អំពើពួកក្បត់ជាតិដែលបានជ្រៀតចូលតាមផ្លូវគោកតាមច្រកតំបន់គឺយើងទប់ស្កាត់បានយ៉ាងល្អជាក់ស្តែងយើងបានទប់ស្កាត់រហូតដល់ថ្ងៃនេះ។លោកថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានធូរស្រាលចំពោះសភាពការណ៍នយោបាយនេះហើយរដ្ឋាភិបាលបានលើកលែងទោសមួយចំនួនដល់អ្នកចាញ់បោកមេចលនាក្បត់ជាតិឲ្យមានសេរីភាពវិញដើម្បីឲ្យពួកគាត់បានប្រកបរបរចិញ្ចឹមជីវិតជួបជុំគ្រួសារវិញ។

លោកឧត្តមសេនីយ៍ឯកពៅហេងក៍បានសំណូមពរឲ្យបន្តកិច្ចសហប្រតិបត្តិការលើសនេះទៀតនៅតាមបណ្តោយព្រំដែនរវាងយោធភូមិភាគទី៤និងយោធភូមិភាគទី២ក្នុការទប់ស្កាត់បង្ក្រាបគ្រឿងញៀនជួញដូរអាវុធខុសច្បាប់បំផ្លាញព្រៃឈើឬឆក់ប្លន់ទ្រេព្យសម្បត្តិប្រជាពលរដ្ឋទាំងសងខាងយើងសហការឲ្យសម្រេចបានដើម្បីប្រទេសយើងទាំង២មានសណ្តាប់ធ្នាប់ល្អ, ត្រូវផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមករាល់បញ្ហាដែលកើតមានឡើងបើមានការប៉ះពាល់ឬកើតមានឡើងនៅតាមគោលដៅណាមួយនៅតាមព្រំដែនពិសេសយោធភូមិភាគទី៤និងទី២គឺយើងសហការគ្នាដោះស្រាយដោយសន្តិវិធី។

ជាមួយគ្នានោះលោកមេបញ្ជាការបានសំណូមពរដល់អាជ្ញាធរខេត្តនៃប្រទេសទាំង២សំខាន់ខេត្តឧត្តរមានជ័យនិងខេត្តបុរីរាំត្រូវសហប្រតិបត្តិការឲ្យបានល្អដើម្បីបង្កើនការរកស៊ីទៅវិញទៅមករវាងប្រជាពលរដ្ឋទាំងសងខាងពិសេសគឺសំណូមពរឲ្យអាជ្ញាធរខេត្តប្រទេសទាំង២និងសមត្ថកិច្ចទាំងសងខាងធ្វើយ៉ាងណាឲ្យដំណើរការបើកច្រកបានរហូតដល់ម៉ោង៥ព្រោះកន្លងមកយើងបើកត្រឹមម៉ោង៣ដែលជាហេតុធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ទោថាន់យ៉ាគៀតទិសានបានទទួលយកនូវសំណើររបស់ភាគីកម្ពុជាដើម្បីយកទៅឆ្លងក្រសួងមហាផ្ទៃនិងរដ្ឋសភាដើម្បីឲ្យដំណើរការច្រកនៅតំបន់ជប់គរគីនេះបើករហូតដល់ម៉ោង៥ល្ងាច។ជាមួយគ្នានោះលោកក៏បានប្តេជ្ញាជាមួយភាគីកម្ពុជាក្នុងការរៀបចំច្រកតំបន់ជប់គរគីដើម្បីឲ្យក្លាយជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង