ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឥណ្ឌូ​នេ​ស៊ី​ នឹងបន្តជួយបណ្តុះបណ្តា​ល​ កងពលតូចទ័ពពិសេសឆ​ត្រ័​​យោង​​លេខ​​៩១១​ និង​បញ្ជា​ការដ្ឋាន​​អង្គរក្សក​ងទ័ពកម្ពុជា​

59

 

ប្រទេសថៃ៖​ ឥណ្ឌូនេស៊ី នៅតែបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់កម្ពុជាយ៉ា​ង​ច្រើន ក្នុងនោះលើផ្នែក​វិស័យ​យោធា​ ឥណ្ឌូនេ​ស៊ីបាន​ជួយបណ្តុះបណ្តាល ​ហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ដល់កងពលតូចទ័ពពិសេសឆ​ត្រ័​​យោង​​លេខ​៩១១​ និង​បញ្ជា​ការដ្ឋាន​អង្គរក្សជាបន្តបន្ទាប់។ ​ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ដែលទើបបានទទួលមុខដំណែងថ្មី បានបញ្ជាក់ថា៖ នឹងបន្តជួយបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជា​ តាមសំណើរដែលអាចធ្វើទៅបាន។

បើតាមការផ្សាយព័ត៌មានលើគេហទំព័ររបស់ក្រសួងការ​ពារ​ជាតិ បានឲ្យដឹងថា ក្នុង​​ឱកាស​ការ​អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ​ចង្អៀត​ រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​​ពា​រ​ជាតិ​អាស៊ាន-បូក លើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ​ពារ​ជាតិ​ អម​តំណើរ​ដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ ​និង​កិច្ចការបរទេស ក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគី​ជា​មួយ លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនោះ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់, លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការ​ពារ​ជាតិឥ​ណ្ឌូនេស៊ី ​បាន​សំ​ដែង​ការ​សាក​សួរ​សុខ​ទុក្ខ​ចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​សំ​ដែង​ការ​អបអរ​សាទរ​ចំពោះ​ លោក PROBOVO SUBIANTO ដែល​បាន​ទទួល​មុខ​តំ​ណែង​ជា​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​។​ សម្តេច​ពិជ័យសេនា បានបញ្ជាក់ថា៖ កម្ពុជា និងឥណ្ឌូនេស៊ី មានប្រពៃណី ទំនាក់ទំនងមិត្ត​ភាព​ និង​កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរយារណាស់មកហើយ ហើយឥណ្ឌូនេស៊ីបានជួយស្វែងរកសន្តិភាព​ជូន​ប្រទេស​កម្ពុជា ក្នុងអំឡុងសម័យអ៊ុនតាក់។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ចាប់​តាំងពីពេល​នោះ​មក​ ឥណ្ឌូនេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ក្នុងនោះលើផ្នែក​វិស័យ​យោធា​ ឥណ្ឌូនេស៊ីបាន​ជួយបណ្តុះបណ្តាល ហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ដល់កងពលតូចទ័ពពិសេសឆត្រ័​យោង​លេខ​៩១១​ និង​បញ្ជា​ការដ្ឋាន​អង្គរក្សជាបន្តបន្ទាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ នៅលើវេទិកាអន្តជាតិ កម្ពុជា និងឥណ្ឌូនេស៊ី បាន​ធ្វើ​ការ​ផ្លាស់​ទស្សនៈគ្នាទៅ​វិញទៅ​មក​ និង​បាន​រិះរក​វិធី​ ដើម្បីបម្រើផលប្រយោជន៍រួម ហើយសម្តេច​សង្ឃឹម​ថា៖​ តាម​រយៈកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន យើងនឹងបានពិភាក្សាគ្នា ជាមួយប្រទេសជាដៃគូរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក។ ឆ្លៀតក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ លោកPROBOVO SUBIANTO ដែលទើបបានទទួលមុខដំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ទៅធ្វើទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​។​

ជាចុងក្រោយ លោក PROBOVO SUBIANTO បានបញ្ជាក់ថា៖ កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងមិត្តភាពជាមួយគ្នា តាំងពីរយូរលង់ណាស់មកហើយ។ លោក រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ទៀតថា៖ នឹងបន្តជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា​ តាមសំណើរដែលអាចធ្វើទៅបាន ៕

អត្ថបទដែលជាប់ទាក់ទង