ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះរាជរដ្ឋាភិបាលចំណាយថវិកាសន្សំប្រមាណ១ពាន់លានដុល្លារ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគម្រោងផ្សេងៗ 

57

ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះយើងវិនិយោគខ្លួនឯង លើសពី១ពាន់លានដុល្លារ…ឆ្នាំនេះ គយ រកបានលើសផែនការក្នុងរង្វង់ពី ៧០០ ទៅ៨០០លានដុល្លារ ខាងពន្ធដារ រកបានលើសផែនការ ពី៤០០ ទៅ៥០០លានដុល្លារ។ ឆ្នាំនេះ គ្រាន់តែលើសផែនការ ជាង១ពាន់លានដុល្លារ សម្រាប់ចំណូលសារពើពន្ធ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែរយៈពេល៩ខែ គយ សម្រេចបានលើសផែនការ រហូតទៅដល់១០៥ភាគរយ ចឹងនៅសល់៣ខែ យើងគិតជាមធ្យម២៥០លានដុល្លារ ប៉ុន្ដែមានខែខ្លះ ឡើងដល់ជាង៣០០លានដុល្លារ ក្នុង១ខែ ដូច្នេះ គយ លទ្ធភាពលើសផែនការ ពី៧០០ ទៅ៨០០លានដុល្លារ នៅក្នុងឆ្នាំ២០១៩នេះ។

សម្រាប់ចំណូលពន្ធដារវិញ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០១៩នេះ ពន្ធដារ ក៏បានសម្រេចបានលើសផែនការ រហូតដល់ទៅ១០៥ភាគរយ ដូច្នេះនៅសល់រយៈពេល២ខែ ចុងក្រោយក្នុងឆ្នាំនេះ ពន្ធដារ មានលទ្ធភាពអាចរកបាន ៤០០ ទៅ៥០០លានដុល្លារ។

ជាមួយគ្នានោះ សម្ដេចតេជោ បានបញ្ជាក់ទៀតថា ឆ្នាំនេះ សម្ដេចបានបញ្ចេញថវិកា ជិត៤០០លានដុល្លារ ប្រគល់ឲ្យខាងអគ្គិសនី ទិញមាស៊ីនភ្លើង២០០មេហ្គាវ៉ាត់ ពីហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ ពីអាល្លឺម៉ង់ ដាក់គៀកនៅភ្នំពេញ ដែលកំពុងតែដំឡើង កុំឲ្យខ្វះភ្លើងសម្រាប់អ្នកទីក្រុងភ្នំពេញ។

លើសពីនោះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបញ្ចេញថវិកា ប្រមាណ៣០០លានដុល្លារ ប្រគល់ឲ្យខេត្តព្រះសីហនុ បន្ថែមលើការវិនិយោគ ដែលមានរួចមកហើយ ប្រមាណ៦០០ ទៅ៧០០លានដុល្លារ សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ លើខេត្ដមួយនេះផងដែរ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងដែរថា គ្រាន់តែចំណូលពន្ធគយមួយ ក្នុង១ខែៗ ទទួលបានប្រមាណ២៥០លានដុល្លារសហរដ្ឋអាមេរិក អាចបើកប្រាក់បៀវត្សរ៍ គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែកម្ពុជា រកចំណូលបាន៥០០លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងមានប្រាក់ចំណូលក្នុង១ខែ គឺប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក ហើយយើងចាយត្រឡប់ទៅវិញ ចំណាយអស់៣០០ ទៅ៤០០លានដុល្លារ។ ក្នុងខែ១ យើងអាចសន្សំ ប្រាក់ពី១០០លានដុល្លារ ទៅ២០០លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង