សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី
នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jusuf Kalla ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល(CAPDI) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) និងជាអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ។
នៅក្នុងជំនួបនេះ ឯកឧត្តម Jusuf Kalla បានអរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច ជាពិសេសការចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។ ឯកឧត្តមផ្ទាល់ បានសង្កេតឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ។ ឯកឧត្តម ក៏ធ្លាប់បានមកកាន់ប្រទេសកម្ពុជាផងដែរនៅក្នុងកំឡុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតនាពេលកន្លងមក ដែលពេលនោះឯឧត្តមមានតួនាទីជាអ្នកសង្កេតការណ៍បោះឆ្នោត។
ឯកឧត្តម Jusuf Kalla បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសមានការរីកចម្រើនឆាប់រហ័ស ជាពិសេស បច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនដោយឃើញមានអាគារខ្ពស់ៗ ជាមួយនឹងសំណង់ថ្មីៗ និងសណ្ឋាគារទំនើបៗ ដែលផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរស់នៅ ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគគិនផងដែរ។
ឯកឧត្តម Jusuf Kalla បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃស្អែកនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់ ដែលកន្លងមកយើងបានកសាងនូវសមិទ្ធផលជាមួយគ្នា ដើម្បីបង្ហាញពិភពលោកអោយបានឃើញផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម Jusuf Kalla បានបង្ហាញនូវក្តីមោទនភាពចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានពង្រឹងនូវចំណងមិត្តភាព និងផ្ដល់នូវប្រយោជន៍អោយគ្នាទៅវិញទៅមក។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានខិតខំធ្វើដំណើរ និងចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ ដែលមានជាមួយគ្នាជាយូរលង់ណាស់មកហើយ។ សម្ដេចតេជោក៏បានអរគុណដល់ប្រទេសឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា ជាពិសេស ទំនាក់ទំនងល្អខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅក្នុងក្របខណ្ឌអាស៊ាន សម្ដេចតេជោ បានចាត់ទុកប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំមួយ ជាប្រទេសដែលមានសំឡេងខ្លាំង ដែលបានជួយជំរុញឲ្យអាស៊ានទាំងមូលមានឥទ្ធិពលក៏ដូចជាការជួយខាងសេដ្ឋកិច្ចដែលផ្តល់នូវការរីកចម្រើនក្នុងតំបន់អាស៊ានផងដែរ។ សម្តេចបានមានប្រសាសន៍បន្តថា ទស្សនទានរបស់ឥណ្ឌូនេស៊ី ចំពោះពោះឥណ្ឌូប៉ាស៊ីហ្វិកនោះ បានក្លាយទៅជាទស្សនទានអាស៊ានទាំងមូល ដែលសម្ដេចតេជោផ្ទាល់បានគាំទ្រនូវទស្សនទាននោះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីដំណើរអញ្ជើញទៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៦កន្លងទៅ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ ខ្សែក្នុងក្រុងព្រះសីហនុនោះ ដែលចំណាយថវិកាជាតិរហូតដល់ទៅជិត៣០០លានដុល្លារ ដើម្បីជំរុញក្រុងព្រះសីហនុអោយក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផង និងជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ធអោយកាន់តែធូរធារ។ ក្រុងព្រះសីហនុនឹងអាចមានការរីកចម្រើនជាងក្រុងភ្នំពេញទៅទៀតនាពេលអានគត់ដ៏ខ្លីខាងមុខ។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងស្មារតីអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយកម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើថ្លែងអំណរគុណ និងផ្តាំសួរសុខទុក្ខចំពោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) ផងដែរ៕