សម្តេចពិជ័យសេនា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុងផ្នែកសន្តិសុខខ្លាំងបំផុតសម្រាប់សុវត្ថិភាព និងសុខដុមរមនានៅក្នុងសង្គមនាពេលបច្ចុប្បន្ន
បាងកក៖ ក្រសួងការពារជាតិ កម្ពុជា បានផ្សព្វផ្សាយព័ត៌មានថា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ នៅទីក្រុងបាងកក។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំ និងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូក រួមមាន៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្ស៊េឡែន ឥណ្ឌា សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក។ តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញរបាយការណ៍ពីលទ្ធផលការងារ ក្រុមការងារជំនាញ ( EWG )ទាំង៧ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងផែនការអនុវត្តការងារបន្តរបស់ក្រុមការងារជំនាញ( EWG ) សម្រាប់ឆ្នាំ២០២០ ដល់២០២៣ របស់ប្រទេសនីមួយៗ។ ក្នុងរបាយការណ៍នៃការអភិវឌ្ឍថ្មីៗរបស់អាស៊ាន បានបញ្ជាក់ថា៖ រាល់ការចូលរួមកិច្ចប្រជុំទាំងអស់ បានចូលរួមដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខបច្ចុប្បន្ន និងទៅអនាគត។ ទស្សនៈវិស័យរបស់អាស៊ាន គឺជំរុញឲ្យមានសន្តិភាព វិបុលភាព នៅក្នុងតំបន់។ ការជំរុញឲ្យមានសន្តិភាពស្ថេរភាពក្នុងតំបន់ គឺមានសារសំខាន់ គឺធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈស្តីពីបរិស្ថានសន្តិសុខតំបន់ និង អន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ បរិយាកាសសន្តិសុខ និងយុទ្ធសាស្ដ្រសកលកំពុងតែមានការវិវត្តន៍ឥតឈប់ឈរ ដែលបានបង្កើតនូវបញ្ហាប្រឈមថ្មីៗ និងធ្ងន់ធ្ងរផងដែរ។ ការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាអ៊ីនធឺណែត កំពុងតែកែប្រែរូបរាងពិភពលោករបស់យើង ក្នុងរូបភាពថ្មីមួយ។ វាបានបង្កលក្ខណៈសម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យនានា ដែលជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជួយយើងឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នានា។ តែទន្ទឹមនេះក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរ នៅពេលដែលវារីកសាយភាយ និងធ្លាក់ដល់ដៃតួអង្គមិនមែនរដ្ឋ ដូចជាពួកភេរវករជាដើម។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុងផ្នែកសន្តិសុខខ្លាំងបំផុតសម្រាប់សុវត្ថិភាព និងសុខដុមរមនានៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ការគំរាមកំហែងទាំងនេះ នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង នៅពេលដែលវាត្រូវបានច្របាច់បញ្ចូលជាមួយបច្ចេកវិទ្យាថ្មីៗ រាប់បញ្ចូលទាំងបច្ចេកវិទ្យាធម្មតាដូចជា បណ្តាញសង្គម ដើម្បីកេណ្ឌសមាជិកថ្មី និងបច្ចេកវិទ្យាស្មុគស្មាញដូចជាយន្ដហោះដ្រូនដែលបំពាក់ដោយអាវុធ។ បទពិសោធន៍បង្ហាញថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាភេវរកម្មតែម្នាក់ឯងបានទេ។ យើងយល់យ៉ាងច្បាស់ពីតួនាទី នៃយន្តការរួមគ្នាជាមួយដៃគូរបស់យើង និងតួនាទីរបស់វេទិកាកម្រិតតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងនេះ។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងសង្រ្គោះមហន្តរាយ កងយោធពលខេមរភូមិន្ទបានធ្វើលំហាត់ហ្វឹកហ្វឺនជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ស្តីពីការប្រឆាំងភេរវកម្ម និងសង្រ្គោះគ្រោះមហន្តរាយ។ ហើយទទឹមនេះ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថភាពលើការសង្រ្គោះគ្រោះមហន្តរាយនេះ ដោយធ្វើលំហាត់ហ្វឹកហ្វឺនជាមួយប្រទេសវៀតណាម នៅខែធ្នូនេះផងដែរ។
នៅឱកាសបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី ៦ នាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ក៏បានប្រគល់ភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធ ទៅឲ្យលោក នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលេច រដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះបន្តនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ ៕