ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ដារប្រឡាយបឹងត្របែកដើម្បីអោយ ចរន្តទឹកហូរបានលឿននឹងត្រូវបញ្ចប់ការងារនៅសប្តាហ៍ក្រោយនេះក្រោយពីក្រុមការងារធ្វើសកម្មភាពស្តារអស់ជាច្រើនខែ

92

ភ្នំពេញ៖ការស្ដារប្រឡាយបឹងត្របែកដើម្បីអោយចរន្តទឹកហូរបានលឿនទៅដល់ស្ថានីយបូមទឹកនឹងត្រូវបញ្ចប់ការងាររបស់ខ្លួននៅសប្តាហ៍ក្រោយនេះហើយក្រោយពីក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តារអស់ជាច្រើនខែកន្លងមកនេះ។

    លោកដួងចាន់សារ៉ាតប្រធានអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៩វិច្ឆិកានេះថាអនុវត្តតាមការណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពជីកស្តារភក់នៅប្រឡាយបឹងត្របែកចចាប់ផ្ដើមស្តារកាលពីថ្ងៃទី០២ខែកក្កដាហើយបើគិតមកដល់ថ្ងៃទី១៩វិច្ឆិកានេះយើងអនុវត្តការងារជីកស្តារភក់និងសម្រុកដឹកភក់ចេញស្ទើររួចរាល់ហើយពោលគឺការងារនេះនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ

   លោកបានបញ្ជាក់ផងដែរថាប្រឡាយបឹងត្របែកគិតចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីយ៏បូមទឹមានប្រវែង៩៤៧ម៉ែត្រមានទទឹងចាប់ពី១៤ម៉ែត្រទៅ៣០ម៉ែត្រ។

    គួររំលឹកផងដែរថាកាលពីដើមខែសីហាឆ្នាំ២០១៩កន្លងមកនេះលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែកនិងផលប៉ះពាល់មួយចំនួនដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែកនោះលោកឃួងស្រេងបានបញ្ជាក់ថានៅប្រឡាយបឹងត្របែកយើងមានម៉ូទ័របូមទឹករហូតដល់១១គ្រឿងប៉ុន្តែការបូមទឹកទាំងនោះមិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេដោយសារតែមានការកកស្ទះទឹកហូរមិនទាន់។ដើម្បីដោះស្រាយលើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចធ្វើការស្តារប្រឡាយនិងអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយរំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះអោយបានប្រសើរឡើង។

   ពាក់ព័ន្ធនឹងការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះអាជ្ញាធររាជធានីភ្នំពេញបានដាក់ផែនការឱ្យខណ្ឌទាំង៥នៅកណ្ដាលក្រុងធ្វើការស្ដារលូស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបាន។

   កាលពីពេលនោះដែរលោកឃួងស្រេងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាបរិស្ថានពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូនិងប្រឡាយទឹក។ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនអោយបានល្អទៅតាមប្រទេសដែលកំពុងមានភាពស៊ីវីល័យពោលគឺត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ

 

អត្ថបទដែលជាប់ទាក់ទង