ចោរជនជាតិចិន ២នាក់ ជំនាញលួចម៉ូតូ លួចឡាន និងគាស់ផ្ទះ ត្រូវនគរបាលព្រហ្មទណ្ឌបង្ក្រាប ដកហូតវត្ថុតាងទំនើបជាច្រើន ដែលកម្លាំងជំនាញមិនធ្លាប់ជួប
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការដឹកនាំបង្ក្រាបចោរជនជាតិចិន២នាក់ ដែលមានជំនាញលួចម៉ូតូ ឡាន និងគាស់ផ្ទះ ក្រោយធ្វើសកម្មភាព នៅខេត្តសៀមរាប ហើយបើករត់គេចខ្លួនមករាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ ស្រុកពញាឮ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់សោកម៉ូតូ មកពីខេត្តសៀមរាប ដោយអ្នកធ្វើសកម្មភាពជាជនជាតិចិនចំនួន២នាក់ ទើបលោកបានបញ្ជាកម្លាំងដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ុត វណ្ណរដ្ឋ នាយរងការិយាល័យ ចុះស្ទាក់នៅច្រកចូលរាជធានីភ្នំពេញតែម្ដង។
ជាលទ្ធផលកម្លាំងជំនាញ ក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ទី១៖ឈ្មោះ លាំង ហិន អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២៖ឈ្មោះ WEI JUNZHI អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះសម្ភារដកហូតរួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ផលិតឆ្នាំ២០១២ គ្មានផ្លាកលេខ (របស់ជនរងគ្រោះ), សោកាច់ក ចំនួន ៣គ្រាប់ ដងចំនួន១, អាគុយចំនួន១, ម៉ាស៊ិនមិនស្គាល់ម៉ាកប្រើអគ្គីសនី ចំនួន១ មានដងចំនួន២ (ឧបករណ៍សម្រាប់រាវរកលោហធាតុក្នុងទូកដេក មាស ផ្លាទីន), កាតចំនួន ១២កាត, ដែកត្បែងចំនួន ៦កំណាត់ អាចតបញ្ជូលគ្នាបានសម្រាប់គាស់ផ្ទះ, ម៉ាស៊ីនឆូតកាត ចំនួន១គ្រឿង (ពេលលួចកាត ATM បានគ្រាន់តែឆូត គឺអាចផ្ទេរលុយចូលគណនីរបស់ពួកគេបាន), លិខិតឆ្លងដែនឈ្មោះ WEI JUNZHI ចំនួន១ក្បាល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
នាយការិយាល័យរូបនេះ បានអះអាងទៀតថា យោងតាមសម្ភារដកហូតខាងលើ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសន្និដ្ឋានថា ជនជនសង្ស័យខាងលើក្រៅពីធ្វើសកម្មភាពកាច់កម៉ូតូ គឺធ្វើសកម្មភាពគាស់ផ្ទះ និងលួចរថយន្ត។ បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវបានប្រគល់ជូន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្ដ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់រងគ្រោះដោយសារចោរគាស់ផ្ទះ និងឃើញភិនភាគជនសង្ស័យដូចរូបមុខសញ្ញា ដែលបង្ក្រាបបាន សូមមកដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឬស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕