ក្រុមសកម្មប្រយុទ្ធតាលីបង់ អះអាងថា ខ្លួនបាញ់ទម្លាក់យន្តហោះអាមេរិច បណ្តាលឲ្យទាហ៊ាន២នាក់ស្លាប់ នៅអាហ្គានីស្ថាន
ទាហ៊ានអាមេរិចចំនួន២នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅប្រទេសអាហ្គានីស្ថាន នៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមសម្ព័ន្ធ ដែលដឹកនាំដោយអង្គការណាតូ។
សេចក្តីប្រកាសបានបញ្ជាក់ថា “មូលហេតុនៃការធ្លាក់យន្តហោះនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែរបាយការណ៍បឋម មិនបានបញ្ជាក់ថា វាត្រូវបានធ្លាក់ដោយការវាយប្រហាររបស់សត្រូវនោះឡើយ”។
នៅពេលជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាហ្គានីស្ថាន និងសម្ព័ន្ធណាតូ បានអះអាងថា អ្នកប្រយុទ្ធរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះមួយគ្រឿង នៅភាគខាងកើតនៃខេត្ត Logar។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់ឈ្មោះ Zabiullah Mujahid បានសរសេរនៅលើបណ្តាញសង្គម Twitter ថា យន្តហោះរបស់អាមេរិចបានព្យាយាមវាយប្រហារ ទៅលើទីតាំងនៃតំបន់ Pangram ស្ថិតក្នុងស្រុក Charkh ខេត្ត Logar។