លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួង គោរពព្រះ វិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមបប្រឹក្សាធម្មនុញ្ញ និងជាអតីត រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវត្តបុទុមវតី រាជធានីភ្នំពេញ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយជរាពាធ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្វាយលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គ រាជានុញ្ញាតចូលរួមមរណៈទុក្ខ ជាមួយសម្តេចម៉ែ ព្រះករុណា ជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
លោកជំទាវបានគូសបញ្ជាក់ នៅក្នុងសារលិខិតរំលែកព្រះរាជទុក្ខថា ការយាងចូលទិវង្គតរបស់ សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវ ទេពនាថវដ្តីឯក នៃមរតកមនុស្សរស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះនិមិត្តរូបនៃ របាំព្រះរាជទ្រព្យខ្មែរជាប្រវត្តិសាស្រ្ត ហើយដែលពេញមួយព្រះជន្មរបស់ព្រះអង្គគឺបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពលដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ជា ពិសេស ស្នាព្រះហស្តក្នុងការនាំរបាំព្រះរាជទ្រព្យចូលជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងមន្រ្តីរាជការក្រោមឱវាទ សូមចូលរួមរំលែកនូវព្រះរាជមរណទុក្ខដោយក្តីសោកសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងព្រះបដិសន្ធិវិញ្ញាណ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ សំរិត
Fffg