ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកម៉ូតូ ធ្វេសប្រហែស បុកគូទរថយន្តកំពុងឈប់ពីក្រោយ បណ្តាលឲ្យស្លាប់

88

កណ្តាល៖ បុរសម្នាក់ជិះម៉ូតូ បុកគូថរថយន្តធំ ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ គួរឲ្យអនិច្ចា ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង១៩យប់ នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល ។



បើតាមរបាយការណ៍របស់សេនាធិការ នគរបាលស្រុកស្អាង បានបញ្ជាក់ថា ដោយមានម៉ូតូ​ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ​ គ្មានស្លាកលេខ បើកបរដោយឈ្មោះ​ឃី អាំងផាវភេទប្រុស អាយុ​៣០ឆ្នាំ (មិនពាក់មួកសុវត្ថភាព) មានទីលំនៅភូមិព្រែតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង ។​ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូខាងលើ បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធន់ធំ)ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A5510 ពីក្រោយចំហៀងខាងឆ្វេង អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន​) ដែលចតរថយន្តឈប់ស្ងៀមក្បាលទៅទិសខាងជើង។ អ្នករងរបួស ត្រូវបានក្រុមគ្រួសារ ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែបានស្លាប់តាមផ្លូវ ។

បន្ទាប់ពីសមត្ថកិច្ច ធ្វើការពិនិត្យនិងវាស់វែង ទីកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

នគរបាលស្រុកស្អាង បានធ្វើការសន្និដ្ឋានថា: ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើករថយន្ត ពេលឈប់ចត មិនដាក់សញ្ញាសម្គាល់ ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង ៕

 

អត្ថបទដែលជាប់ទាក់ទង