សម្ដេចក្រឡាហោម ជួបអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ ពិភាក្សាការងារពាក់ព័ន្ធនឹងទំនាក់ទំនងផ្នែកសាសនា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Thongchanh Manixay អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្ដេចចាត់ទុកជាការចូលរួមជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនងរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងនោះក៏ពាក់ព័ន្ធនឹងទំនាក់ទំនងផ្នែកសាសនា ជាកិច្ចការស្នូលដែលប្រទេសទាំងពីរ មានប្រជាពលរដ្ឋភាគច្រើនជាអ្នកកាន់ព្រះពុទ្ធាសាសនា។
សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រហាក់ប្រហែលគ្នា ក្នុងនោះក៏ធ្លាប់មានប្រវត្តិរួមគ្នាតស៊ូប្រឆាំងនឹងអាណានិគមន៍របស់ខ្លួន រហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ដូចបច្ចុប្បន្ននេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទោះបីជាកន្លងមកនេះ ប្រទេសយើងទាំងពីរ (កម្ពុជា និងឡាវ) បានជួបប្រទះនូវបញ្ហាប្រឈមខ្លះៗ ក៏ប៉ុន្តែសម្ដេចក៏សូមអបអរសាទរ ចំពោះថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ដែលប្រកាន់យកនូវឆន្ទៈរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដោយឈរលើគោលការណ៍សន្តិភាព និងមិត្តភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអបអរសាទរដែរ ថាមិនត្រឹមតែទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា និងឡាវ ក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរដែរ។
សម្ដេចក៏បានបញ្ជាក់ជូនលោកអនុរដ្ឋមន្ត្រីឡាវដែរថា ក្រសួងមហាផ្ទៃកម្ពុជា មានភារកិច្ចធំៗពីរ គឺទីមួយ ជួយគាំទ្រដល់ការងារគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ និងទីពីរ ទទួលខុសត្រូវលើការងារសន្តិសុខ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការងាររបស់នគរបាលផ្ទាល់តែម្ដង។
សម្ដេចក៏បានរំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រសួងធម្មការ និងសាសនា គឺដោយសារតែកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឲ្យវិស័យសាសនានៅកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុង ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបង្កើតស្ថាប័ននេះឡើង ដើម្បីធ្វើគាំទ្រ និងជំរុញការស្ដារឡើងវិញនូវវិស័យនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញភាពរីករាយចំពោះសន្ទុះនៃការស្ដារឡើងវិញ បានយ៉ាងឆាប់រហ័សនៃវិស័យសាសនានៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានព្រះសង្ឃជាង៧ម៉ឺនអង្គ មានវត្តអារាមជាង៥ពាន់ ទូទាំងប្រទេស ដែលនេះគឺជាការរួមចំណែកមួយដែរពីពុទ្ធបរិស័ទ និងសប្បុរសជន។
សម្ដេចបានបន្តថានៅកម្ពុជា ក្រៅពីព្រះពុទ្ធសាសនា ក៏មានសាសនាផ្សេងទៀតកំពុងត្រូវបានពលរដ្ឋមានជំនឿ និងគោរពប្រណិប័តន៍ដែរ ដូចជាសាសនាគ្រឹះ និងសាសនាម៉ូស្លីមជាដើម ហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏លើកទឹកចិត្ត និងបើកទូលាយដល់ការគោរពប្រណិប័តន៍ជំនឿសាសនារបស់ប្រជាពលរដ្ឋដែរ។
សម្ដេចក៏បានបន្ថែមថា ក្រៅពីទំនាក់ទំនងរវាងក្រសួងមហាផ្ទៃឡាវ ជាមួយក្រសួងធម្មការ និងសាសនាកម្ពុជា សម្ដេចក៏បានលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃឡាវ ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការណាមួយ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដោយសម្ដេចបានបង្ហាញរីករាយពិនិត្យពិចារណាចំពោះកិច្ចសហប្រតិបត្តិការនោះ។
ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ បានថ្លែងថា ឡាវទើបតែបង្កើតក្រសួងមហាផ្ទៃនៅឆ្នាំ២០១១ទេ ក្នុងនោះក្រសួងនេះបានទទួលកិច្ចការមួយចំនួន ដូចជាការគ្រប់គ្រងប្រជាពលរដ្ឋ ការងារអង្គការមូលនិធិ និងកិច្ចការពាក់ព័ន្ធនឹងសាសនា។
លោកក៏បានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះព្រះពុទ្ធសាសនាដូចគ្នា។ លោកក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័នក្រសួងមហាផ្ទៃឡាវ និងក្រសួងធម្មការ និងសាសនាកម្ពុជា នឹងកាន់តែមានល្អប្រសើរជាបន្តបន្ទាប់ទៀត។
លោកក៏បានឯកភាពចំពោះការប្រកាន់យកគោលការណ៍ ប្រកបដោយសន្តិភាពរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាផ្សេងៗឈរលើគោលការណ៍មិត្តភាព ដែលបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព។
លោកក៏បានបញ្ជាក់ថា នៅប្រទេសឡាវក៏មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ ដោយភាគច្រើនមានប្រជាពលរដ្ឋគោរពព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានបើកសិទ្ធិទូលាយជូនពលរដ្ឋ ក្នុងជំនឿសាសនាផ្សេងៗ ក្រៅពីព្រះពុទ្ធសាសនាដែរ។
លោកក៏បានកោតសរសើរ រាជរដ្ឋាភិបាល និងក្រសួងធម្មការ និងសាសានាកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយយ៉ាងល្អ ធ្វើយ៉ាងណាឲ្យសាសនាចម្រុះនៅកម្ពុជា បានរស់នៅជាមួយគ្នា ប្រកបដោយសុខដុមក្នុងសង្គម និងរួមគ្នាកសាងសង្គមជាតិ។
លោកបានរំលឹកឡើងវិញ អំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ មកកាន់កម្ពុជាកាលពីខែកញ្ញាកន្លងទៅ ដែលបានជំរុញលើកទឹកចិត្តឲ្យស្ថាប័ន ទទួលកិច្ចការសាសនាប្រទេសទាំងពីរ បន្តលើកកម្ពស់ទំនាក់ទំនងក្នុងការងារសាសនា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ជាចុងបញ្ចប់ លោកបានឯកភាព និងពិនិត្យមើលវិស័យពាក់ព័ន្ធនានា ដែលស្ថិតក្រោមក្រសួងមហាផ្ទៃឡាវ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ហើយលោកសូមជូនពរឲ្យទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនស្ថិតស្ថិរជានិច្ច ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕ដោយ៖បញ្ញាស័ក្តិ