រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកលឿន រេចង្កូតក្រឡាប់សង្កត់ផ្ទះ និងកិនក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ស្លាប់
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសារតែរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ 50 ម៉ែត្រ ហើយបានរេចង្កូតរអិលក្រឡាប់ ទៅសង្កត់លើផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវរថយន្តក្រឡាប់សង្កត់ពីលើស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងកាលពីវេលាម៉ោង 1 និង 30 នាទីថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2019 ។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីមានឈ្មោះ វន សុនិតា អាយុ៤ឆ្នាំ នៅភូមិពោនសិច ឃុំជាន ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ភ្លូ ឆាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅត្រង់ចំណុចកើតហេតុនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីទិសដៅពីជើងទៅត្បូង ហើយខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបើកវ៉ារថយន្តមួយគ្រឿទៀត ក្នុងល្បឿនលឿនពេក ក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់សង្កត់ ទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរទីតាំង និងបណ្ដាលឱ្យសង្កត់លើក្មេងស្រីម្នាក់ ដែលកំពុងតែអង្គុយញ៉ាំនំ នៅលើចិញ្ចើមផ្លូវ ស្លាប់តែម្ដង ។ ហើយក្នុងហេតុការណ៍នេះដែរ គឺមានអណ្ដាតភ្លើងឆាប់ឆេះរថយន្តបង្ក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនេះ។
ក្រោយពេលកើតហេតុ គេសង្កេតឃើញមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ហើយចំណែកសាកសពក្មេងស្រី ដែលស្លាប់ ដោយសាររថយន្តក្រឡុកស៊ីម៉ងត៍សង្កត់លើ ត្រូវបានសមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕