ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញ និងពង្រឹងយន្តការ ត្រួតពិ​និ​ត្យគ្រឿង​ញៀន និងសារធាតុគីមីផ្សំ​ ឆ្លងកាត់ព្រំដែនគោគ ​អាកា​ស និងកំពង់ផែសមុទ្រ​ នៃខេត្តព្រះសីហ​នុ

60

 

ព្រះសីហនុ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានសំណូមពរដល់លោកអភិបាលខេត្តព្រះសីហនុ មេត្តាជួយជំរុញ និងពង្រឹងយន្តការត្រួតពិ​និ​ត្យគ្រឿង​ញៀន និងសារធាតុគីមីផ្សំ​ ឆ្លងកាត់ព្រំដែនគោគ ​អាកាស និងកំពង់ផែសមុទ្រ​ នៃខេត្តព្រះសីហ​នុ។

នៅថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូក្រុមការងារមជ្ឈមណ្ឌល សម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (Safe Mekong Coordination Centre) ដែលមានមន្ត្រីសម្របសម្រួលប្រចាំការមកពីបណ្តាប្រទេសសមាជិក SMCC ទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចូលជួបសម្តែងការគួរសម ជាមួយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ លោកអភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីការងារ ពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ខេត្តព្រះសីហនុ ជូនដល់គណៈប្រតិភូ ដូចជា​ ស្ថានភាពភូមិសាស្ត្រខេត្តព្រះសីហនុ និងការអភិវឌ្ឍន៍
បញ្ហាប្រឈមដោយសារកំណើននៃភ្ញៀវទេសចរណ៍ ការវិនិយោគវិស័យសំណង់ និងការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់…)
ការងារអនុវត្តសម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ប្រតិភូ ពីភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ មានព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវដែក និងផ្លូវគោក ដែលរាជរដ្ឋាភិបាល​ បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ។ ម្យ៉ាងទៀតដោយកម្ពុជាមានសុខសន្តិភាព សម្តេចតេជោ​ បានកៀង​គរ​ អ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើន ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ មានវិនិយោគជាង ២០០ក្រុមហ៊ុន ស្រូបយកកម្លាំងពលកម្មជាង ៨ម៉ឺននាក់ មានកាស៊ីណូជាង៧០ ស្រូបយកកម្លាំងពលកម្មជាង ៣ម៉ឺននាក់ ។
លោក បានបន្តថា ខេត្តមានការរីកចម្រើនលើអចលនទ្រព្យ មានសំណង់អគារខ្ពស់ជាច្រើន ដែលអាចបញ្ជាក់ថា ជាខេត្តរីកលូតលាស់ផ្នែកសំណង់ ទន្ទឹមនោះវាក៏មានផលប៉ះពាល់មួយចំនួន ផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ បច្ចុប្បន្នក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ធ្វើឱ្យមានការខូចខាតផ្លូវថ្នល់ជាច្រើន រាជរដ្ឋាភិបាលកម្ពុជា បានទំលាក់កញ្ចប់ថវិកាក្នុងការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលបានបើកសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការដឹកជញ្ជូន និងសោភណ័ភាព ។ ដោយសារកំណើន នៃលំហូរចូលប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ បានជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុ​ មានការរីកចម្រើន ក៏ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះ ដែលយើងត្រូវការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងចូលរួមអនុវត្តច្បាប់កម្ពុជា ។ ចំពោះបញ្ហាគ្រឿងញៀននៅខេត្តព្រះសីហនុ មានបញ្ហាប្រឈមខ្លះ ដោយសារតែប្រជាពលរដ្ឋចំណាកស្រុក និងអ្នកវិនិយោគ ទេសចរណ៍​ មកធ្វើការងារនៅខេត្តព្រះសីហនុ​ និងតាមការអូសទាញរបស់មិត្តភក្កិធ្លាក់ខ្លួនក្នុងការប្រព្រឹត្ត ប្រើប្រាស់ ចែកចាយគ្រឿងញៀន ។ អាជ្ញាធរខេត្ត ក៏បានធ្វើការអប់រំ ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដល់យុវជនដែលធ្វើចំណាកស្រុក ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ ការចែកចាយគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាពថែមទៀត ។ ឯកឧត្តមអភិបាកខេត្ត សូមការគាំទ្រ កិច្ចសហការ និងការផ្តល់ពត៌មានទាក់ទិន្ននឹងការចែករំលែកពត៌មាន ទៅវិញទៅមក ធ្វើឱ្យប្រជាពលរដ្ឋអាស៊ានរស់នៅប្រកបដោយសុខដុមរមនីយកម្ម ក្នុងតំបន់អាស៊ាន ។

លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អ.ជ.ប.គ.ញ និងជាប្រធានគណ:ប្រតិភូ បានដឹកនាំប្រតិភូ អ.ជ.ប.គ.ញ ៦ប្រទេស មានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យប្រតិភូចូលជួប ឈ្វេងយល់ និងធ្វើកិច្ចការមួយចំនួន ហើយក៍មិនមែនលើកទី១ទេ ដែលគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើការងារកន្លងមក ព្រមទាំងបានវាយតម្លៃ នៃកិច្ចសហប្រតិបត្តិការចែករំលែកពត៌មាន និងការទប់ស្កាត់ ត្រួតពិនិត្យគ្រឿងញៀន ដែលកន្លងមកគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការអប់រំ ផ្សព្វផ្សាយដល់យុវជន បង្កើតសហគមន៍ស្ថានិតិសម្បទាអ្នកញឿនគ្រឿងញៀន ក្នុងក្របខ័ណ្ឌអាស៊ាន ដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ ពិសេសការពិនិត្យទឹកនោមលើអ្នកបើកបររថយន្តគ្រប់ប្រភេទ បុគ្គលិកនៅតាមក្លឹបកម្សាន្តនានា ។ ប្រតិភូមកកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណង សម្រប សម្រួលសុវត្ថិភាពតាមដងទន្លឹមេគង្គ ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលផ្តួចផ្តើមនៅឆ្នាំ២០១៣ មាន ៤ប្រទេស ក្នុងនោះមានប្រទេសថៃ ភូមា ឡាវ និងចិន ហើយប្រទេសកម្ពុជា ក៏បានចូលរួមនៅឆ្នាំ២០១៥ ដោយបង្កើតផែនការយុទ្ធសាស្ត្រចំនួន៧ និងគោលដៅត្រួតពិនិត្យចំនួន៤ សំដៅទប់ស្កាត់ការផលិត ការចែកចាយ ចេញពីតំបន់ត្រីកោណមាស ជាប់ព្រំដែនប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀន ពីតំបន់ត្រីកោណមាស ចុះតាមដងទន្លេមេគង្គ និងកាត់បន្ថយសារធាតុគីមីផ្សំ ក្នុងតំបន់អាស៊ាន ៕

     

អត្ថបទដែលជាប់ទាក់ទង