ជនជាតិថៃ ១៧២នាក់ ពាក់ព័ន្ធបើកល្បែងអនឡាញខុសច្បាប់នៅប៉ោយប៉ែត ប្រគល់ជូនទៅអាជ្ញាធរខេត្តស្រះកែវ
បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសព៏ត៌មានថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួមសហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់ទទួលជនជាតិថៃចំនួន ១៧២នាក់ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក។
ក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏មានការចូលពី ភាគីកម្ពុជាដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត, លោកឧត្ដមសេនីយ៍ទោ ឃួន ឈែល អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី, លោកវរសេនីយ៍ទោ លី ហួរ ស្នងការរងខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត រីឯភាគីថៃដឹកនាំដោយ លោក វរ៉ាផាន់ សុវ៉ាណុន (Woraphann Suvannus) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធ។
ជនជាតិថៃចំនួន ១៧២នាក់ ស្រី ១១២នាក់ ដែលត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហកាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចនាគទិព្វថ្មី និងក្រុមហ៊ុនផ្ទះល្វែងប៉ារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបើកល្បែងអនឡាញខុសច្បាប់៕