តាមចាប់ខ្លួនជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀននិងបក្ខពួក ៦នាក់
កណ្តាល៖ សមត្ថកិច្ចអាវុធហត្ថខេត្តកណ្តាលនិងខេត្តតាកែវ បន្តស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀននិងបក្ខពួកបានជាបន្តបន្ទាប់ចំនួន៦នាក់ រួមជាមួយវត្ថុថ្នាំញៀន កាំភ្លើងខ្លី ដាវ នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ទី១១ ទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា នៅវេលាម៉ោង១២៖១០នាទី ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ូផល្លី បានសហការជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាល និងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ រវាង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ៈ ១- ឈ្មោះហុង រត្ថា ហៅ(ឌីត) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
២- ឈ្មោះ អៀ អ៊ីលិង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ និង បានធ្វើការដកហូតវត្ថុតាងរួមមានៈ គ្រឿងញៀនចំនួន ៣កញ្ចប់ (ធំ២ មធ្យម១) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ (តូច១ធំ ១) អាវុធខ្លីចំនួន ២ដើម ម៉ាក K៥៤លេខ ៥៤០០២៦៣៥ ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ) បង់២ គ្រាប់កាំភ្លើង K៥៤ចំនួន ៩គ្រាប់ គ្រាប់ឡុកកែច្នៃចំនួន ១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់ ម៉ូតូ១គ្រឿងម៉ាក អ៊ិចស៊ីទរ័ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ-1JT-២៤៥៨ ប័ណ្ណបើកបរចំនួន១សន្លឹក អត្តសញ្ញាណខ្មែរចំនួន២សន្លឹក ប័ណ្ណសម្គាល់យានយន្ត ៥សន្លឹក
ដាវចំនួន ១ដើម ប្រាក់ដុល្លាចំនួន១០០ដុល្លារ ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងប្រដាប់ប្រើប្រាស់វេចខ្ចប់មួយចំនួន
ប្រភពដដែលបានបញ្ជាក់ថា ប្រតិបត្តិការនេះ កងកម្លាំងចម្រុះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ ស្រី១នាក់។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តកណ្តាលបន្តនីតិវិធី៕