ជម្លោះ លោកឡៅ ស៊ុនប៉ា និង ឧកញ៉ា យិន សុវណ្ណី អនុវត្តសាលក្រម១៦លើក ទើបបានសម្រេច ដោយយកផ្ទះលក់ឡាយឡុងសងទៅអ្នកឈ្នះក្តី ជាង៤០ម៉ឺនដុល្លារ
ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ច រួមជាមួយអាជ្ញាសាលា នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ បានមកអនុវត្តសាលក្រម១៦លើក ខណៈការអនុវត្តសាលក្រមចំនួន១៥លើកមកហើយមិនបានសម្រេច ករណីនេះដែរ បានកើតឡើងនៅ ផ្ទះលេខ៦២ E ផ្លូវលេខ៥៩៨ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះកើតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ដែលអ្នកឈ្នះក្តីមានឈ្មោះ ឡៅ ស៊ុនប៉ា ហើយអ្នកចាញ់ក្តីមានឈ្មោះ ឧកញ៉ា យិន សុវណ្ណី ដែលជនទាំងពីរ បានតតាំងគ្នាតាមផ្លូវតុលាការ ដោយតុលាការកាត់សេចក្តីឲ្យឈ្មោះឡៅ ស៊ុនប៉ា ឈ្នះក្តី ប៉ុន្តែអនុវត្តសាលក្រម១៥លើក ហើយមិនបានសម្រេច ហើយភាគីចាញ់ក្តី ត្រូវសងលុយជាង៤០ម៉ឺនដុល្លារ ទៅភាគីឈ្នះក្តី។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជ និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានថ្លែងថា “តំណាងអាជ្ញាសាលាបានប្តេជ្ញា ចំពោះមុខខ្ញុំថានឹងអនុវត្តឲ្យបានជោគជ័យ នៅលើកទី១៦នេះ ដើម្បីធានាបាននូវយុត្តិធម៌ជូនជនឈ្នះក្តី និងរក្សាតម្លៃច្បាប់នៅប្រទេសកម្ពុជាផងដែរ”។
លោកបានបន្តថា ការចុះអនុវត្តសាលក្រមចំពោះជន យិន សុវណ្ណី ដែលជាជនចាញ់ក្តីជាមួយ លោក ឡៅ ស៊ុនប៉ា បានជោគជ័យ ដោយស្មារតីចរចាសងជាសាច់ប្រាក់ ហើយសងមានលក្ខណៈ២ដំណាក់កាល ដោយដំណាក់កាលទី១ សងនៅនឹងទីតាំងផ្ទះ ដែលត្រូវរឹបអូសមានចំនួន20 ម៉ឺនដុល្លារ ហើយដំណាក់កាលទី២ សងនៅអាទិត្យក្រោយ ចំនួន២៥ម៉ឺនដុល្លារទៀត ដូច្នេះជនទាំង២នាក់ បានព្រមព្រៀងគ្នាចំពោះមុខខ្ញុំ និងតំណាងអាជ្ញាសាលាផងដែរ។ ច្បាប់ គឺ ច្បាប់ ជនគ្រប់រូបត្រូវគោរពច្បាប់ប្រទេសកម្ពុជាយើងជាធរមាន”។
លោកថា ឈ្នះក្តីនៅតុលាការគ្រប់ថ្នាក់ហើយ ក៏ប៉ុន្តែអនុវត្តសាលក្រម ១៥ លើកមិនសម្រេច ហើយអនុវត្តសាលក្រមលើកទី១៦នេះ មានវត្តមានរូបខ្ញុំ និងភាគីពាក់ព័ន្ធទាំងអស់ ចុះមកអនុវត្តបានសម្រេចជាស្ថាពរ ដើម្បីយកផ្ទះលក់ឡាយឡុងសងទៅភាគីដែលឈ្នះក្តី។
ក្នុងនាមរូបខ្ញុំជាជនមានភារកិច្ចឃ្លាំមើល តាមដានការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា ខ្ញុំនឹងការពារជនរងគ្រោះ និងតម្លៃច្បាប់ឲ្យអស់លទ្ធភាព ដើម្បីធានាបានយុត្តិធម៌សង្គម និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។
ជាពិសេសគឺលើកកម្ពស់តម្លៃច្បាប់ នៅក្នុងប្រទេសកម្ពុជាយើង ហើយធានាសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ដោយមិនមានការបែងចែកនូវ វណ្ណៈឋានៈ តួនាទី អ្វីនោះឡើយ អ្នកល្មើសច្បាប់គឺត្រូវតែទទួលពិន័យពីច្បាប់ ។
សូមបញ្ជាក់ថា ការអនុវត្តន៍សាលដីកា នាពេលកន្លងមក គឺម្ចាស់ក្រុមហ៊ុន ខាហ្សា ថប ខបភើរេសិន ប្រើប្រាស់ប៊ីដុងសាំងដាក់បង្ហាញចំពោះមុខសមត្ថកិច្ច គ្រាដែលចុះអនុវត្តសាលក្រមរបស់តុលាការក្រុងភ្នំពេញ រារាំងសមត្ថកិច្ចចម្រុះ គម្រាមដុតរថយន្តឡិចស៊ីស ដុតទាំងខ្លួនសម្លាប់ចោល កាលបើកម្លាំងសមត្ថកិច្ច តុលាការរឹបអូសផ្ទះរបស់គាត់ ក្រោយពីចាញ់ក្តី រឿងលុយទិញផ្ទះនៅខ្វះចំនួន៦ម៉ឺនដុល្លារ ។ ហេតុការណ៍ផ្ទុះកក្រើកអស់សមត្ថកិច្ច ត្រៀមទាំងកម្លាំងអន្តរាគមន៍ ទាំងរថយន្តអគ្គីភ័យ ខ្លាចបញ្ហាកើតឡើងពិតមែន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅខាងមុខក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមអាជ្ញាធរ បានឲ្យដឹងត្រួសៗតែមិនបានស៊ីជម្រៅ ឲ្យដឹងថា ភាគីដែលចាញ់ក្តី នៅតុលាការពេលនេះ ជាម្ចាស់ផ្ទះខាងលើ ក្រោយពីទិញផ្ទះ ពីភាគីម្ខាងទៀតជាដើមចោទ តម្លៃ២៦ម៉ឺនដុល្លារ តាំងពី១០ឆ្នាំកន្លងមក ហើយលុយនៅខ្វះចំនួន៦ម៉ឺនដុល្លារ ។ តាំងពីពេលនោះមកលុយ៦ម៉ឺនដុល្លារ ជំពាក់លើភាគីដមបណ្តឹង បានអូសបន្លាយពេលវេលា រហូតកើតរឿងក្តីក្តាំប្តឹងផ្តល់ឡើងទៅតុលាការ ច្រើនលើកច្រើនសារ ក្នុងការចោទប្រកាន់ ថាភាគីចាញ់ក្តី ចេញសែក ស្អុយឲ្យទៅភាគីដើមបណ្តឹង ក្លាយទៅជារឿងមួយមិនដាច់ស្រេច កាត់ក្តីតាំងពីសាលាដំបូង រហូតដល់តុលាកំពូល មិនទាន់ចប់មិនទាន់ហើយ មិនដាច់ស្រេច ហេតុផលមានរៀងខ្លួន រហូតមកដល់ពេលនេះ ធ្លាក់មកលើសាលាដំបូងវិញ បន្តកាត់ក្តីរឿងលុយជំពាក់នៅខ្វះ៦ម៉ឺន សម្រេចកាត់ ចេញសាលក្រម ដីកាសម្រេចរឹបអូសផ្ទះឲ្យទៅភាគីដើមបណ្តឹងវិញ ទើបសមត្ថកិច្ច ព្រះរាជអាជ្ញា ចុះមកអនុវត្តន៍ សាលក្រម ត្រូវបានភាគីចុងចោទរារាំងប្រឆាំងដាច់ខាត សុខចិត្តដុតសម្លាប់ខ្លួន ប្រសិនបើតុលាការឹបអូសផ្ទះរបស់គាត់ ៕