សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកូរ៉េ ដើម្បីរកវិធីជួយឲ្យ លក្ខខណ្ឌការងារ បងប្អូនពលករ ខ្មែរនៅកូរ៉េ កាន់ តែ មានភាពល្អប្រសើរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និង មេគង្គកូរ៉េ ដើម្បីរកវិធីជួយឲ្យ លក្ខខណ្ឌការងារ បងប្អូនពលករ ខ្មែរនៅកូរ៉េ កាន់ តែ មានភាពល្អប្រសើរឡើងបន្ថែមទៀត ។
តាមការគ្រោងទុក ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និង មេគង្គកូរ៉េជាបន្ត ។
សម្តេចតេជោ មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេក នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា “ទោះបីរវល់បែបនេះក្តី គឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និង ការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋ”។
សម្តេចបន្តថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ។ ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត និងបើកការដ្ឋានកសាងផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថា នឹងបានជួបបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការិនី ដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយឲ្យលក្ខខណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា៕
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីដំណើរទស្សនកិច្ច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖