កងកម្លាំង ត្រូវមានកាតព្វកិច្ច ក្នុងកិច្ចការពារសុខសន្តិភាព សុវត្ថិភាព និង បម្រើសេវាតាមតម្រូវការរបស់ប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានកាតព្វកិច្ច ក្នុងកិច្ចការពារសុខសន្តិភាព សុវត្ថិភាព និង បម្រើសេវាតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបញ្ជៀសអោយបានការកើតឡើងនូវបទល្មើស អំពើចោរកម្ម ល្បែងស៊ីសង និងភាពអាណាធិបតេយ្យផ្សេងៗ។
ការមានប្រសាសន៍លើកឡើងនិងជម្រុញអោយកងកម្លាំងប្រដាប់អាវុធខេត្តអនុវត្តបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែកក្តដាឆ្នាំ២០១៨នៅស្នងការនគរបាលខេត្តកំពង់ចាម ខណៈដែលលោកអភិបាលខេត្តរូបនេះអញ្ជើញ ប្រគល់ទោចក្រយាន (ម៉ូតូ) ចំនួន១០៩គ្រឿងជូនឲ្យគ្រប់ប៉ុស្តិ៍រដ្ឋបាលឃុំ ១០៩ទូទាំងខេត្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទុកបំរើការកិច្ចការងាររដ្ឋបាល និងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
លោក គួច ចំរើន មានប្រសាសន៍លើកឡើងថា ទោចក្រយាន (ម៉ូតូ) ដែលត្រូវបានចែកជូនតាមប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន១០៩ប៉ុស្ដិ៍ នេះដើម្បីកាត់បន្ថយចំណុចអសកម្មក្នុងមូលដ្ឋាន ដោះស្រាយការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ដើម្បីជាប្រយោជន៍រួមក្នុងការបម្រើសេវាសាធារណៈតាមតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន។
លោកអភិបាលបានបន្តទៀតថា ក្នុងនាមជា
កងកម្លាំង ត្រូវមានកាតព្វកិច្ចការពារសុខសន្តិភាព សុវត្ថិភាព និង បម្រើសេវាតាមតម្រូវការព្រមទាំងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋដើម្បីបញ្ជៀសការកើតឡើងនូវបទល្មើស អំពើចោរកម្ម ល្បែងស៊ីសង និងភាពអាណាធិបតេយ្យ ត្រូវធានាលើកទឹកចិត្តទំនុកចិត្តខ្ពស់កាន់តែរឹងមាំ និងសុខសាន្តក្នុងការរស់នៅជាប្រចាំ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ដើម្បីអោយមូលដ្ឋានយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់។
លោក បានបន្ថែមទៀតថា អ្វីដែលគួរកត់សម្គាល់ក្នុងរយពេលដំណើរការបោះឆ្នោត តាមគោលនយោបាយលិទ្ធប្រជាធិបតេយ្យត្រូវត្រៀមឯកសារទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើន ជាពិសេសការពារសន្ដិភាពជូនប្រជាពលរដ្ឋដែរជាម្ចាស់ឆ្នោត។
ក្នុងឱកាសនៅដែរ លោក គួច ចំរើន បានស្នើអោយកងកម្លាំង រួមនឹងមន្ត្រីពាក់ពន្ធ័នៅតែបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និងកម្រិតកម្ពស់ទឹកជាប់ជានិច្ច ត្រូវត្រៀមនូវឧបករណ៍ជួយសង្គ្រោះដូចជាថ្នាំសង្កូវ ទូក កាណូត ដើម្បីជួយសង្គ្រោះពលរដ្ឋរកទីទួលសុវត្ថិភាពដែលងាយរងគ្រោះក្នុងរដូវទឹកឡើងនេះ ហើយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រុងប្រយត្ន៍ខ្ពស់ក្នុងការរស់នៅតាមដងទន្លេ។
គូសបញ្ជាក់ផងដែរ នាព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការបែងចែកទោចក្រយានយន្តចំនួន ១,៦៤៦ គ្រឿង ម៉ាក SUZUKI Smash 113cc ផលិតឆ្នាំ២០១៨ ជូនស្នងការនគរបាលរាជធានី ខេត្ត ដើម្បីផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន និងបានត្រៀមលក្ខណៈដើម្បីធ្វើការបែងចែកនៅតាមមុខសញ្ញាកំណត់៕