គ្រប់វិហារគ្រីស្ទបរិស័ទ លោកគ្រូ-អ្នកគ្រូដែល បង្ហាត់បង្រៀនតាមវិហារ ត្រូវបន្ថែមការផ្សព្វផ្សាយលើការបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរ និងបញ្ហាគ្រឿងញៀន
ខេត្តកំពង់ចាម៖ គ្រប់វិហារគ្រីស្ទបរិស័ទទាំងអស់ លោកគ្រូ-អ្នកគ្រូដែលបង្ហាត់បង្រៀនតាមវិហារនៅក្នុងខេត្តកំពង់ចាម ត្រូវបន្ថែម ការផ្សព្វផ្សាយលើការបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរ និងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងនិងកាត់បន្ថយអត្រាអ្នកស្លាប់ផង។
នេះជាការស្នើឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលលោកបានអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបសកម្មភាពគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែកក្កដានេះ នៅសណ្ឋារគារ៧មករានៃខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំលកគ្រូអ្នកគ្រូគង្វាល សមាជិកសមាជិការនៃគ្រីស្ទបរិស័ទទូទាំងខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនរួមជាតិដែលបានកាន់សាសនាផ្សេងៗដោយមិនប្រកាន់សាសនាមួយឡើយ ដូចនៅពេលនេះសាសនាគ្រីស្ទបរិស័ទក៏បានដើរតួក្នុងការកសាខ្លួន ឲ្យមនុស្សប្រព្រឹត្តអំពើល្អដើម្បីឲ្យសង្គមមានរីកចម្រើននិងសុខសាន្តកាន់តែប្រសើរឡើង។
លោកបន្តទៀតថា ប្រសិនបើប្រទេសមានសង្គ្រាមនោះច្បាស់ណាស់ និងគ្មានសាសនាណាមួយកើតមានឡើយ ដោយសារមុនថ្ងៃរំដោះ៧មករា១៩៧៩ គ្រប់សាសនាគ្រប់ជាតិសាសន៍រស់នៅស្ថិតក្នុងភាពភ័យខ្លាច គ្មានសេរីភាពដូចបច្ចប្បន្ននេះឡើយ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្តេចបានខិតខំប្រឹងប្រែងលើវិស័យសាសនាដោយមិនប្រកាន់និន្នាការនយោបាយឡើយ គឺធ្វើយ៉ាងដើម្បីឲ្យប្រទេសជាតិមានការរអភិវឌ្ឍន៍អប់រំមនុស្សឲ្យធ្វើអំពើល្អជានិច្ច។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានស្នើសូមដល់គ្រប់វិហារគ្រីស្ទបរិស័ទទាំងអស់ គ្រប់ទីកន្លែង ជាពិសេសលោកគ្រូ-អ្នកគ្រូដែលបានបង្ហាត់បង្រៀនតាមវិហារ ត្រូវបន្ថែមធ្វើការផ្សព្វផ្សាយដោយបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរ និងបញ្ហាគ្រឿងញៀន ឲ្យកាន់តែច្រើនមិនថានៅទីណាឡើយ ព្រោះដើម្បីកាត់បន្ថយគ្រោះផងនិងកាត់បន្ថយអត្រាអ្នកស្លាប់បន្ថែមទៀតផង៕