សម្តេចហេង សំរិន៖ រណសិរ្ស២ធ្នូ ជាព្រឹត្ដិការណ៍សំខាន់ ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសមិទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
“រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ត្រូវបានបង្កើតឡើងនៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ជាអង្គការចាត់តាំងមហាជនមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អង្គមីទ្ទិញនាថ្ងៃនេះ ជាព្រឹត្ដិការណ៍ជាតិមួយដ៏មានសារសំខាន់ បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សម្តេចលើកឡើងថា “រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឱ្យចាកផុតពីមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្ដែរណសិរ្ស ២ធ្នូ នៅបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់”។
សម្តេចប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នា ឈានទៅមុខ លើមាគ៌ានៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែលសមេ្រចបានកន្លងមក។ ជាពិសេស ជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩ នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។ ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្ដដោយជោគជ័យ នូវការងាររបស់ខ្លួនក្នុងការកសាងច្បាប់ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាននិងកំពុងបន្ដអនុវត្ដយ៉ាងសកម្មនូវយុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈនៃគោលនយោបាយ សេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាល បានបង្ហាញឆន្ទៈដ៏ប្ដូរផ្ដាច់ និងសកម្មភាពប្រកបដោយផ្លែផ្កាក្នុងការអនុវត្ដន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា ជោគជ័យ និងក្ដីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពចេញពីថ្ងៃ ២ធ្នូ និងជ័យជំនះ ៧មករា ដ៏រុងរឿង ដែលបានបំភ្លឺបង្ហាញផ្លូវជានិច្ច ជាង៤ទសវត្សរ៍ កន្លងមក។ បច្ចុប្បន្នគេអាចមើលឃើញផ្ទាល់ភ្នែក នូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នានេះឯង។
“យើងបានលុបបំបាត់នូវស្នាមបែកបាក់ប្រេះឆា ក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង។ មហាសាមគ្គីផ្ទៃក្នុងជាតិ ជាឧត្ដមភាព និងជាមូលដ្ឋានគ្រឹះដើម្បីឈានទៅសមេ្រចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជា មួយប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើង នឹងបានរស់នៅយ៉ាងសម្បូរណ៍សប្បាយក្នុងសន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀងរហូតតទៅ នៅលើមាតុភូមិរបស់ខ្លួន “នេះជាការលើកឡើង របស់សម្តេច ហេង សំរិន៕