ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ដើម្បីពង្រឹងអាជីពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញជូនដំណឹងដល់អ្នកសារព័ត៌មានឲ្យបានជ្រាបថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះនៅភោជនីយដ្ឋានទន្លេបាសាក់២។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុត សម្រាប់ការជួបជុំរបស់និពន្ធនាយក, ឬតំណាងស្ថាប័នសារព័ត៌មាននានា ក្នុងនាមជាអ្នកដឹកនាំវិស័យសារព័ត៌មាននៅកម្ពុជា។
វេទិកានេះមានគោលដៅលើកយកបញ្ហាប្រឈមនានា របស់អ្នកសារព័ត៌មាន មកជជែកពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន នៅកម្ពុជា ក៏ដូចជាពង្រឹងអាជីពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ។
អ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះ គឺជាលើកទី១៦ ហើយដែលវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ត្រូវបានរៀប
ចំឡើងក្រោមប្រធានបទ” សារព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ “។ និពន្ធនាយកឬតំណាងអ្នកដឹកនាំសារព័ត៌មាន រួមទាំងតំណាងក្លិប សមាគម ឬសហព័ន្ធសារព័ត៌មាននានានឹងចូលរួមជជែកពិភាក្សាអំពីឱកាស និងបញ្ហាប្រឈម របស់សារព័ត៌មានកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឆ្លើយតបនឹងសំណួរថា តើអ្នកសារព័ត៌មានខ្មែរត្រៀមខ្លួនហើយឬ
នៅក្នុងការចាប់យកឱកាស ក៏ដូចជាក្នុងការជម្នះបញ្ហាប្រឈមនានា ពេលដែលពិភពលោក
ឈានជើងចូលក្នុងយុគសម័យ ៤.០? ។
ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការបង្កើនជីវភាពនិងសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីឲ្យស្របនឹងការរីកចម្រើន នៃបច្ចេកវិទ្យាសម័យទំនើបសុទ្ធសឹងជាបញ្ហា ដែលត្រូវដោះស្រាយ ដើម្បីពង្រឹងគុណភាពវិស័យសារព័ត៌មាននៅ
កម្ពុជា ក៏ដូចជាបើកលំហរសេរីភាពសារព័ត៌មាន ឲ្យកាន់តែទូលាយដោយទទួលបាននូវជំនឿ
ចិត្តកាន់តែខ្លាំងពីមហាជនមកលើសារព័ត៌មានអាជីព។
នៅចុងបញ្ចប់នៃវេទិកានេះ អ្នកចូលរួមទាំងអស់នឹងអនុម័តសេចក្តីប្រកាសរួមមួយ
ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់មេដឹកនាំសារព័ត៌មាន ក្នុងការពង្រឹងស្ថាប័ន ក៏ដូចជាគុណភាព
ធនធានមនុស្សរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ។ សេចក្តីប្រកាសរួមនេះ ក៏ជាការបញ្ជូនសារ
ទៅកាន់ភាគីពាក់ព័ន្ធនានាផងដែរ ដើម្បីឲ្យពួកគេចូលរួមសហការ និងផ្តល់ការគាំទ្រដល់អ្នក
សារព័ត៌មានក្នុងបុព្វហេតុលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា៕