ACU ស្នើឱ្យផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំងអំពើពុករលួយ ១៣ចំណុច តាមក្រសួងស្ថាប័ន និងអង្គភាពចំណុះ
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើសុំដល់ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាប្រធានក្រសួង ស្ថាប័ន ក្នុងសំណើសុំផ្សព្វផ្សាយខ្លឹមសារប្រឆាំងអំពើពុករលួយ នៅតាមក្រសួង ស្ថាថប័ន និងអង្គភាពចំណុះ ដើម្បីអបអរសាទរ ទិវាអន្តរជាតិ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីអបអរសាទរ ទិវាអន្តរជាតិ ទិវាជាតិ ប្រឆាំងអំពើពុករលួយ ៩ធ្នូ ដែលឈានចូលមកដល់ ក្នុងពេលដ៏ខ្លី ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សំណើ មកកាន់ ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាប្រធានក្រសួង ស្ថាប័ន មេត្តារៀបចំបោះពុម្ព និងចងបដា ខ្លឹមសារ ប្រឆាំងអំពើពុករលួយ ចំនួន១៣ចំណុច តាមទីតាំងរបងក្រសួង ស្ថាប័ន និងអង្គភាពចំណុះរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ។
លោកបន្តថា ខ្លឹមសារទាំង១៣នោះ រួមមាន ៖ ១) “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ចះកាត់” អភិក្រម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្រ្តី អនុវត្តការងារ ប្រចាំថ្ងៃ ២) រួមគ្នាប្រឆាំងអំពើពុករលួយ ! ៣) ស្រឡាញ់គ្រួសារ កុំពុករលួយ ! ៤) គោរពនីតិរដ្ឋ គឺប្រឆាំងអំពើពុករលួយ ៥) ធុរកិច្ចស្អាតស្អំ គឺប្រឆាំងអំពើពុករលួយ ៦) មានសុចរិតភាព គ្មានអំពើពុករលួយ ៧) យុវជនជាកម្លាំងចលករ មិនអាចខ្វះបានក្នុងការ ប្រឆាំងអំពើពុករលួយ ៨) ប្រព័ន្ធផ្សព្វផ្សាយជាយាន ប្រឆាំងអំពើពុករលួយ ដ៏ល្អមួយ ៩) ស្អាតស្អំ ដើម្បីអភិវឌ្ឍ ១០) ប្រឆាំងអំពើពុករលួយ ដើម្បីសង្គមជាតិយើង ១១) ការប្រឆាំងអំពើពុករលួយ ជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា ១២) អភិបាលកិច្ចល្អ គឺស្អាតស្អំ មិនពុករលួយ និង១៣) ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព និងមិនមានអំពើពុករលួយ។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១០ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចទទួលបន្ទុក រៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជន គ្រប់លំដាប់ថ្នាក និងអាជ្ញាធរដែនដីរាជធានី ខេត្ត ៕