អ្នកម៉ៅការសំណង់ធ្វេសប្រហែសនិងខ្វះជំនាញច្បាស់លាស់នាំអោយបាក់អន្ទារសម្រាប់ចាក់បេតុង ស្លាប់៣នាក់ របួសជាង១០នាក់
សៀមរាប៖ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច បានសង្គ្រោះករណី បាក់អគារធម្មសភា(សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
លោកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្រ្ត បានថ្លែងថា
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវេលាម៉ោង៣រសៀលខ្ញុំបាទមានការរន្ធត់តក់ស្លត់និងសោកស្តាយបំផុតដោយអគារសាលាឆាន់១ខ្នងបានរលំបាក់សង្កត់មនុស្សស្លាប់ចំនួន៣នាក់និងរងរបួសចំនួន១៣នាក់នៅវត្តគោកចក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
លោកឧកញ៉ា បានបញ្ជាក់ថា ដោយអ្នកម៉ៅការសំណង់ធ្វេសប្រហែសនិងខ្វះជំនាញច្បាស់លាស់នាំអោយបាក់អន្ទារសម្រាប់ចាក់បេតុង។ខ្ញុំបាទបានជួយឧបត្ថមប្រាក់ចំនួន២៥០០ដុល្លារដល់អ្នកស្លាប់និងរងរបួស។សូមវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ទាំងអស់បានទៅកាន់សុគតិ ភព និងអ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយឡើងវិញ។
រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា (សាលាឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។
ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តប្រមាណ ៣០០នាក់។
រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។
គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់
គិតត្រឹម វេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះទទួលបានលទ្ធផល ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ២អង្គ) ក្នុងនោះ៖ រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។
ស្លាប់ចំនួន ៣នាក់ តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ៕