អភិបាលខណ្ឌដង្កោនាំយកទៀនព្រះវស្សាប្រគេនដល់វត្តចំនួន៤
ភ្នំពេញ៖កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ បាននាំយកទៀនព្រះវស្សា រួមនឹងគ្រឿងឧភោគបរិភោគ ទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន៤ក្នុងខណ្ឌដង្កោ។
ក្នុងនោះលោកអភិបាលខណ្ឌបានបញ្ជាក់ថា៖ ទៀនព្រះវស្សាខាងលើនេះ ជាអំណោយរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីទៅប្រគេនវត្តចំនួន ០៤ក្នុងសង្កាត់ដង្កោ ដោយក្នុង០១វត្តទទួលបានៈ ទៀនវស្សា០១គូ អង្ករ ២បាវ ស្ករស១បាវ ប្រេង១កាន គ្រឿងឧបភោគបរិភោគមួយចំនួនទៀត និងថវិកា។
ទោះបីជាពេលនេះកំពុងជាប់រវល់ ក្នុងការឃោសនាបោះឆ្នោត និងតាមដានដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង ក្នុងខណ្ឌជូនប្រជាពលរដ្ឋជៀសផុត ពីគ្រោះថ្នាក់ក្ដី តែមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនភ្លេចការងារសាសនានោះទេ ឆ្លៀតពេលនាំទៀនព្រះវស្សា មកប្រគេនព្រះសង្ឃទៀតផង៕