អ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៣០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែល៨១%នៃពួកគេកំពុងទទួលការថែទាំព្យាបាលនិង ៧៨%នៃអ្នកផ្ទុកមេរោគអេដស៍មានបន្ទុកមេរោគ
ភ្នំពេញ៖ សព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៣០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែល៨១%នៃពួកគេកំពុងទទួលការថែទាំព្យាបាលនិង ៧៨%នៃអ្នកផ្ទុកមេរោគអេដស៍មានបន្ទុកមេរោគដែលបានបង្ក្រាបហើយ។ នៅល្ងាច ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំទីក្រុងរួបរួមគ្នា ពន្លឿនការឆ្លើយតបដើម្បីបញ្ចប់ការរីករាលដាលជំងឺអេដស៍ នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុងនៃបណ្តាប្រទេស និយាយភាសាបារាំងជាង៣០០ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័ន តំណាងអង្គការយូអិនអេដស៍ (UNAIDS) តំណាងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងតំណាងអង្គការសង្គមស៊ីវិល ប្រមាណ ១០០នាក់។
ថ្លែងទៅកាន់កិច្ចប្រជុំលោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ កាលពីពីរទសវត្សរ៍មុន ប្រទេសកម្ពុជាមានការរីករាលដាល មេរោគអេដស៍យ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០១៧ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅទូទាំងពិភពលោកដែលសម្រេចបានគោលដៅ ៩០-៩០-៩០ (៩០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ ដឹងអំពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ៩០%នៃអ្នករស់នៅជាមួយមេរោគ អេដស៍ដែលដឹងអំពីស្ថានភាពរបស់ពួកគេកំពុងទទួលការព្យាបាល និង៩០%នៃអ្នករស់នៅជាមួយមេរោគអេដស៍ កំពុងទទួលការព្យាបាលដែលបន្ទុកមេរោគអេដស៍ត្រូវបានបង្ក្រាប)។
លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា នៅចន្លោះឆ្នាំ២០១០ និង២០១៨ ការឆ្លងថ្មីត្រូវបានកាត់បន្ថយអស់ ៦២% ហើយការស្លាប់ទាក់ទងនឹងជំងឺអេដស៍ត្រូវបានកាត់បន្ថយ៤៨%។ សព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៣០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែល៨១%នៃពួកគេកំពុងទទួលការថែទាំព្យាបាលនិង ៧៨%នៃអ្នកផ្ទុកមេរោគអេដស៍មានបន្ទុកមេរោគដែលបានបង្ក្រាបហើយ។ លើសពីនេះទៀតប្រទេសកម្ពុជា បានអនុម័តវិធីសាស្រ្តថ្មីសម្រាប់ការ បញ្ចូលនូវការបង្ការ ការធ្វើតេស្ត និងការថែទាំព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍រួមគ្នាដែលមានជាអាទិ៍ ការអនុវត្តវិធីលេបថ្នាំបង្ការជាមុន នៅពេលប្រព្រឹត្តប្រឈម នឹងការឆ្លងមេរោគអេដស៍ (PreP, Pre-Exposure Prophylaxis) និងការធ្វើតេស្តអេដស៍ដោយខ្លួនឯង (Self-Testing) ជាដើម។ តាមទិន្នន័យដែលទទួលបាន ៧០%នៃករណីឆ្លងមេរោគអេដស៍ថ្មីទាំងអស់នៅ ប្រទសកម្ពុជាបានកើតឡើងនៅក្នុង រាជធានីភ្នំពេញនិងខេត្តចំនួន៥ទៀតគឺ បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងតាកែវ។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីក្រុងរួបរួមគ្នាពន្លឿនការ ឆ្លើយតបដើម្បីបញ្ចប់ការរីករាលដាលជំងឺអេដស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅពេលដែលអភិបាលមកពីទីក្រុងចំនួន២៦ទូទាំងពិភពលោកបានជួបប្រជុំគ្នា និងអនុម័តសេចក្តីប្រកាសទីក្រុងប៉ារីស ស្តីពីការរួបរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍ (សេចក្តីប្រកាសទីក្រុងប៉ារីស)។ ចាប់តាំងពីពេលនោះមកទីក្រុង និងទីប្រជុំជនជាង៣០០ លើសកលលោក បានយល់ព្រមនិងចូលរួមក្នុងសេចក្តីប្រកាសនេះ ហើយយុទ្ធនាការនេះមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់។ អង្គការUNAIDS ត្រូវបានគេមើលឃើញថា ដើរតួយ៉ាងសំខាន់ក្នុងការបំផុស និងជំរុញការផ្តួចផ្តើមគំនិតនេះឱ្យឆ្ពោះទៅមុខ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានប្រកាសថា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនឹងក្លាយជាទីក្រុង ដំបូងគេនៅប្រទេសកម្ពុជា ដែលបានចុះហត្ថលេខាលើ សេចក្តីប្រកាសទីក្រុងប៉ារីស នៅចុងបញ្ចប់នៃសិក្ខាសាលា ហើយលោកសង្ឃឹមថា ទីក្រុងជាច្រើនទៀត នៅជុំវិញពិភពលោករួមទាំងនៅកម្ពុជា នឹងបន្តចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ៕