ស្នើឲ្យកម្ពុជា លើកស្ទួយការបង្រៀនភាសាបារាំង
ភ្នំពេញ៖ អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង បានជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំង ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញនូវគម្រោងទាំងឡាយ ឲ្យមានភាពជាក់លាក់ ហើយលោកស្រី ក៏បានស្នើឲ្យកម្ពុជាចូលអនុវត្តគម្រោង ការលើកស្ទួយការបង្រៀនភាសាបារាំង និងការលើកស្ទួយពាណិជ្ជកម្ម រវាងប្រទេសនិយាយភាសាបារាំង។
នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង។
លោកស្រី Louise Mushikiwabo បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីសកម្មភាពរបស់កម្ពុជា នៅក្នុងអង្គការនិយាយភាសាបារាំង និងមានប្រសាសន៍ថា កម្ពុជាពិតជាមានសកម្មភាពយ៉ាងសកម្ម ជាទីបំផុតក្នុងនាមជាបិតាស្ថាបនិកនៃអង្គការនិយាយភាសាបារាំងនេះ។ ជាមួយគ្នានេះ លោកស្រី សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានស្នើសុំធ្វើយ៉ាងណាឲ្យកម្ពុជាយើង មានសកម្មភាពកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងកិច្ចការងារនេះ។ ទន្ទឹមនឹងនេះ លោកស្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេស និយាយភាសាបារាំង នៅពេលនេះគឺដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំង ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញនូវគម្រោងទាំងឡាយ ឲ្យមានភាពជាក់លាក់។ លោកស្រី ក៏បានស្នើឲ្យកម្ពុជាចូលអនុវត្តគម្រោងដែលមានភាពជាក់លាក់ទាំងឡាយនោះរួមមាន៖ ១)ការលើកស្ទួយការបង្រៀនភាសាបារាំង ២)ការលើកស្ទួយពាណិជ្ជកម្ម រវាងប្រទេសនិយាយភាសាបារាំង និង ៣)ដើម្បីរៀបចំនូវខួបទី៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះ នៅឆ្នាំ២០២០ខាងមុខ។
លើសពីនោះទៅទៀត លោកស្រីក៏បានសម្ដែងនូវការអបអរជូនដល់កម្ពុជាយើង ដែលបានប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលកងទ័ពមួកខៀវ ពីអង្គការសហប្រជាជាតិ មកជា
ប្រទេសមួយដែលបញ្ជូនទ័ព ទៅជួយក្នុងក្របខ័ណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើងវិញ។ ជាមួយនោះដែរ លោកស្រីក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀត ឲ្យកម្ពុជាយើងចូលរួមកាន់តែខ្លាំងឡើង ថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយ នៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះ នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមរៀបចំខួប៥០ ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ តាមគោលការណ៍ និងការរៀបចំឡើងរបស់អង្គការនេះ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជា ដែលរៀនភាសាបារាំង នៅប្រទេសបារាំង រៀបចំសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរនៅក្នុងខួប ៥០ឆ្នាំនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ចំពោះកិច្ចសហការរវាងបណ្ដាប្រទេសនិយាយភាសាបារាំងនេះ យើងគប្បីណាពិនិត្យឲ្យបានជាក់លាក់ លើគម្រោងមួយចំនួនដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ សម្ដេចតេជោចង់ធ្វើយ៉ាងណា ដើម្បីលើកស្ទួយទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនិយាយភាសាបារាំង ព្រោះថាទំនាក់ទំនងនយោបាយ គឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច៕