ឆេះរោងចក្រផលិតក្តារបន្ទះកុំផ្លាកកេ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង
ព្រះសីហនុ៖ មានអគ្គិភយ័ឆេះរោងចក្រផលិតក្តារបន្ទះកុំផ្លាកកេ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ វេលាម៉ោងជាង១០ព្រឹកថ្ងៃ៣ ធ្នូ ២០១៩នេះ ហើយភ្លាមៗកម្មករត្រូវបានជម្លៀសចេញ ដើម្បីសុវត្ថិភាព ក្នុងនោះសមត្ថកិច្ចចម្រុះ កំពុងអន្តរាគមន៍ពន្លត់ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ថា ករណីអគ្គិភ័យឆេះរោងចក្រក្ដារបន្ទះ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ នៅវេលាថ្ងៃត្រង់ទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ករណីអគ្គិភ័យនេះកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះខាងនគរបាល៣គ្រឿង, អាវុធហត្ថ១គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ១គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺផ្ដើមចេញពីឆេះឡដ្ឋសម្ងួតក្នុងរោងចក្រ។ អគ្គិភ័យនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក៏មិនរីករាលដាលទៅកន្លែងផ្សេងនោះដែរ ដោយសារសមត្ថកិច្ចគ្រប់គ្រងទាន់ពេលវេលា៕