ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួង ស្ថាប័ន

50

ភ្នំពេញ៖ ខុទ្ទកាល័យក្រសួងផែនការ បានឲ្យដឹងងថា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកទី៥ ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកទី៥នេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសហការ និងសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថានៅពេលដែល គោលនយោបាយជាតិស្ដីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំ២០២០‍-២០៣០ លើកទីមួយរបស់យើងបានឆ្លងកាត់ការប្រជុំពិគ្រោះយោបល់ដ៏វែងឆ្ងាយ ពីកម្រិតបច្ចេកទេសទៅកម្រិតនយោបាយខ្ពស់បំផុត និងកំពុងរង់ចាំការចុះហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រើប្រាស់ជាផ្លូវការ ខ្ញុំសូមជម្រាបជូន ថា ជម្រើសនិងការតម្រង់ទិសរបស់ គោលនយោបាយនេះគឺ ការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធអេកូ នវានុវត្តន៍ នៅគ្រប់កម្រិតនិងគ្រប់វិស័យ ដោយឈរលើក្របខ័ណ្ឌទស្សនទាន : ទទួលយកការ សម្របសម្រួលបច្ចេកវិទ្យា និងនវានុវត្តបន្ថែម សំដៅជំរុញល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ធ្វើឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងចូលរួមធ្វើឱ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសាកល ផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ដើម្បីសម្រេចកិច្ចការនេះបានយើងត្រូវរួមគ្នាជួយបំពេញភាពខ្វះចន្លោះ និងពង្រឹងសមាសភាពនៃប្រព័ន្ធអេកូនវានុវត្តន៍ ដែលមាន សាកលវិទ្យាល័យឬគ្រឹះស្ថានសិក្សាជាន់ខ្ពស់ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសអាជីវកម្ម ដោយមានការជួយគាំទ្រពីរដ្ឋ និងជាពិសេសគឺ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាត្រូវជំរុញបន្ថែមទៀតនូវការលើកកម្ពស់និងការផ្ទេរពុទ្ធិពីស្ថាប័នមួយទៅស្ថាប័នដែលពាក់ព័ន្ធ ធ្វើឲ្យខ្សែសង្វាក់អភិវឌ្ឍពុទ្ធិជាតិមានលទ្ធភាពលើកស្ទួយឧស្សាហកម្មនិងសេវាកម្មជាតិប្រកបដោយកម្លាំងប្រកួតប្រជែង។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ដើម្បីបានជាមូលដ្ឋានសម្រាប់ជំរុញកិច្ចការនវានុវត្តន៍ជាតិ អគ្គលេខាធិការដ្ឋាន ក.ជ.វ.ប. នឹងធ្វើការអង្កេតថ្នាក់ជាតិ ស្ដីពី នវានុវត្តន៍ឆ្នាំ២០២០ ហើយឯកសារព្រាងនៃការអង្កេតនេះ ជាមួយនឹងកិច្ចការអភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួង ស្ថាប័ន ត្រូវបានរៀបចំសម្រាប់ការប្រជុំប្រឹក្សាយោបល់របស់យើងនាថ្ងៃនេះ។
ជាមួយគ្នានេះ យើងក៏នឹងពិនិត្យផងដែរនូវសំណើសំណុំសូចនាករ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានជាមូលដ្ឋានសម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីតម្រង់ទិសកិច្ចការអភិវឌ្ឍផ្នែកនេះឲ្យស្របទៅនឹងគោលនយោបាយជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ច ជាក់ស្ដែង។

អត្ថបទដែលជាប់ទាក់ទង