ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​៤​នាក់​ ឆក់​កាបូប​លុយ​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ បានប្រាក់​ ៥​ពាន់​ដុល្លារ​

85

កណ្ដាល​៖​ ជនជាតិ​ចិន​ពុំ​ស្គាល់​អត្ដសញ្ញាណ​មាន​គ្នា​៤​នាក់​ បាន​បើករថយន្ដ​សា្ដ​រិ​កមួយ​គ្រឿង​ មក​កៀ​ម៉ូតូ​កង់​បី​ ដែល​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​កំពុង​ជិះ​ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​មាន​ទឹកប្រាក់​ប្រហែល​៥​ពាន់​ដុល្លារ​ រួច​បើករថយន្ដ​គេចខ្លួន​បាត់​ស្រមោល​។​ ករណី​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​២១​ ស្ថិត​ក្នុងភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ DAViD​ ភេទ​ប្រុស​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ថ្ងៃខែ​ឆ្នាំ​កំណើត​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​១៩៨៩​ កាន់​លិខិតឆ្លងដែន​លេខ​C.296772​ ស្រុក​កំណើត​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុ​កោះធំ​ ខេត្តកណ្តាល​។​ ចំណែក​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ ពុំ​ស្គាល់​អត្ដសញ្ញាណ​ ជា​ជនជាតិ​ចិន​។​
​ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មានៈ​ ប្រាក់​ដុល្លារ​សរុប​ប្រហែល​៥០០០​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។​

​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​អន​ឡាញ​ក្នុង​កាស៊ីណូ​ហ្ក្រេ​ន​ដ្រា​ហ្គ​ន​រី​សត​វិញ​ បាន​មក​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ដែល​បាន​ជួល​នៅ​ក្បែរ​នោះ​ បន្ទាប់​មក​ខ្លួន​និង​មិត្ដភក្ដិ​៣​នាក់​ទៀត​ ស្រី​១​នាក់​ បាន​បបួល​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​ នៅ​ភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ យីហោ​១៦៨​ ខណៈនោះ​ជន​រង​គ្រោះ​និង​បក្ខពួក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ បើក​មក​ពីក្រោយ​ រួច​កៀ​ម៉ូតូ​កង់​បី​ ដែល​ជន​រង​គ្រោះ​ជិះ​នោះ​អោយ​ឈប់​ ហើយ​មាន​មនុស្ស​ប្រុស​៣​នាក់​ និយាយ​ភាសា​ចិន​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​បស់​ជន​រង​គ្រោះ​ រួច​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ ដោយ​បើក​សំដៅ​ទៅ​ទិស​ខាងជើង​ (​រាជធានី​ភ្នំពេញ​)​ បាត់​តែង​ម្តង​។​

​លុះ​ព្រឹក​ឡើង​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្រុម​ជនសង្ស័យ​ខាងលើ​ យក​មក​អនុវត្ដ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ករណី​នេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ រក​ជនសង្ស័យ​ទាំង​៤​នាក់​ ដើម្បី​ច​ចាត់ការ​តាម​ច្បាប់​ ៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង