ថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង ២៨គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបបាននៅរាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យវៀតណាម ៤នាក់
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត នេះបើយោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បញ្ជាក់ថា ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើងយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១.ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំកំណើត ១៧.៧.១៩៩៥ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី២.ឈ្មោះ Phuong Hoang Veit ភេទប្រុស ឆ្នាំកំណើត ២៧.៧.១៩៩៦ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី ឆ្នាំកំណើត ៩.១០.១៩៨៨ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ឆ្នាំកំណើត ១១.១០.១៩៩០ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំង ៤នេះ សមត្ថកិច្ចបានចាប់យកវត្ថុតាំង មេតំហ្វេតាមីន (ICE) 9925.47g)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ បាននាំជនសង្ស័យបន្តចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិរបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញ ៖
១. ក្រាមសារធាតុញៀន អិចស្តាសី (MDMA) ២០ញ្ចប់ធំ ស្មើទម្ងន់ 20,305.68g
២. សារធាតុរាវពណ៍ស Acetone ចំនួន ៣៨ដប ស្មើទម្ងន់ 12670.72g
៣. ម្សៅក្រាមពណ៍ ១កញ្ចប់តូច, (ICE) 1.85g
៤. សារធាតុរាវពណ៍ខ្មៅ សារធាតុអិចស្តាសី MDMA ២៤ចានជ័រ ស្មើទម្ងន់ 54464.27g
៥. ឧបករណ៍កែច្នៃមួយចំនួនធំបន្ថែមទៀត
៦ សារធាតុរាវ Acid 16000.25g ។
បន្ទាប់ពីនគរបាលនាំជនសង្ស័យចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅទីតាំងខាងលើរួចមក នគរបាលបាននាំជនសង្ស័យ និងវត្ថុតាង មកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់មេក្លោង និងបង្ក្រាបឲ្យដល់ឬសគល់។
សូមបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចបានចាប់យកនៅទាំង២គោលដៅខាងលើមាន ៖
១/ មេតំហ្វេតាមីន(ICE) 9927.32g
២/ អិចស្តាស៊ី (MDMA) ទម្ងន់ 74,769.25g
សរុបសារធាតុញៀន 84kg 697.27g
៣/ សារធាតុគីមីផ្សំ Acetone ទម្ងន់ 12670.72g
៤/សារធាតុគីមីផ្សំ Acid 16000.25g
សរុបសារធាតុគីមីផ្សំ 28kg 670.97g ៕