កម្ពុជា និងស៊ុយអ៊ែត ពង្រីកទំនាក់ទំនង លើបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសកលភាវូបនីយកម្ម
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសស៊ុយអ៊ែត បានអះអាងពីការពង្រីកទំនាក់ទំនងដែលមាន ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្ម។ ពាក់ព័ន្ធនឹងករណីនេះ ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្ម សម្ដេចតេជោ បានស្នើឲ្យ ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ពិនិត្យពិចារណាស្វែងរកជាមួយភាគីកម្ពុជា លើវិស័យដទៃទៀត ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាត ឲ្យលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស៊ុយអ៊ែត ចូលជួបសំដែងការគួរសម កាលពីថ្ងៃទី៤ធ្នូ នៅវិមាននាយករដ្ឋមន្រ្តី។
ក្នុងជំនួបនោះ លោក Bjorn Haggmark បានជម្រាបជូន សម្ដេចតេជោថា លោក បានស្វែងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ ក្នុងន័យនេះលោកបានមានប្រសាសន៍ថា ប្រទេសស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់តុលាការ កាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក ហើយលោក ក៏បានមានប្រសាសន៍ដែរថា កន្លងមកស៊ុយអ៊ែត ក៏បានផ្ដល់ជំនួយមកកម្ពុជា យើងជាដំបូងតាមរយៈជំនួយមនុស្សធម៌ ហើយនៅពេលនេះទៀត ក៏កំពុងតែរួមចំណែក ជួយដល់កម្ពុជានៅក្នុងការអភិវឌ្ឍកម្ពុជាផងដែរ។
ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា តាមរយៈអ្វីដែលបានធ្វើកន្លងមកនេះ បេសកកម្មកាទូតរបស់ លោកមកកាន់កម្ពុជា លោកនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងដែលមាន ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្មផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក Bjorn Haggmark ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណជូនដល់ប្រជាជន រដ្ឋាភិបាលស៊ុយអ៊ែត ដែលកន្លងមកតែងតែ ជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ទាំងការអភិវឌ្ឍន៍ ។
សម្ដេចតេជោ បានលើកឡើងថា ជាការពិតកម្ពុជាទទួលរកនូវសោកនាដកម្មអតីតកាល ហើយប្រទេសស៊ុយអ៊ែត ជាប្រទេសមួយដែលមិនទទួលអតីតខ្មែរក្រហម អង្គុយនៅកៅអីអង្គការសហប្រជាជាតិ ហើយលើសពីនោះទៀត ក៏បានអនុញ្ញាតឲ្យកម្ពុជា បើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកហូម ហើយចាប់ពីពេលនោះ មកប្រទេសស៊ុយអ៊ែត ជាប្រទេសមួយ ដែលចាប់ផ្ដើមផ្ដល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះជំនួយរបស់ប្រទេសស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ក្នុងការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម គឺជាការជួយដល់កម្ពុជាក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះ ក៏បានបន្តជួយដល់កម្ពុជាយើងលើវិស័យអភិវឌ្ឍដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិដូចជា បញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្ម។ សម្ដេចតេជោ បានស្នើឲ្យ លោកពិនិត្យពិចារណាស្វែងរកជាមួយភាគីកម្ពុជា លើវិស័យដទៃទៀត ដែលយើងអាចសហការនេះបាន ។
ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក Bjorn Haggmark អំពីអាទិភាពរបស់រាជាណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាបជូនផងដែរ នូវមហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាយើងពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ៕