អាវុធហត្ថរាជធានីភ្នំពេញ អំពាវនាវដល់មហាជន ឱ្យជួយសហការផ្តល់ព័ត៌មាន អំពីបទល្មើសគ្រប់ប្រភេទ ដល់សមត្ថកិច្ច ជាពិសេស ករណីចោរឆក់
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ។
១/ ឈ្មោះ ចំរើន វាសនា ហៅខ្មៅ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុច ផ្លូវ១៤៤ កែងផ្លូវនរោត្តម សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២/ ឈ្មោះ មាស វាសនា ហៅង៉ោល ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន នៅចំណុច ឃ្លាំងលើ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពឆក់ កាបូប ពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវបានសម្រេច នៅវេលាម៉ោង០៣:០០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីសកម្មភាពឆក់រួច និង ម្នាក់ទៀតត្រូវបានឃាត់ខ្លួនក្នុងថ្ងៃបន្ទាប់ តាមរយៈការសហការគ្នារបស់សមត្ថកិច្ច ប្រឹងប្រែងស្រាវជ្រាវ តាមដាន និងពួនស្ទាក់ អស់រយៈពេល១យប់១ថ្ងៃ។ ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពចំពោះមុខសមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមករូបគេ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាប្រចាំថ្ងៃ រយៈពេល ០១ឆ្នាំមកហើយ។
ទន្ទឹមជាមួយគ្នានេះផងដែរ សមត្ថកិច្ចជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា រាល់ការស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានសម្រេចនិងទាន់ពេលវេលា គឺអាស្រ័យលើព័ត៌មានជាសំខាន់ ដូច្នេះសមត្ថកិច្ចសូមអំពាវនាវដល់មហាជន មេត្តាជួយផ្តល់ព័ត៌មាននិងដាក់ពាក្យបណ្តឹងគ្រប់ពេលវេលា ដែលមានបទល្មើសកើតឡើង ដើម្បីជាទុនដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវ និងបង្ក្រាប ព្រោះសមត្ថកិច្ចមិនអាចដឹងហេតុការណ៍គ្រប់រឿងគ្រប់ពេលបានទេ បើគ្មានការសហការពីមហាជនក៏ដូចជាជនរងគ្រោះនោះ៕ដោយ៖កូឡាប