ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺបានធូរស្រាលបន្តិច ប៉ុន្តែទឹកកំពុងហូរធ្លាក់យ៉ាងគំហុក ទៅកាន់ផ្នែកខាងក្រោម តាមស្ទឹងព្រែកត្នោត និងកំពុងគម្រាមកំហែងរាជធានីភ្នំពេញ និងខេត្តកណ្តាល

187


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ខែកក្កដានេះ បានចេញផ្សាយនូវស្ថានភាពទឹកជំនន់ នៅតាមបណ្តារាជធានី ខេត្តមួយចំនួនដែលកំពុងរងនូវការជន់លិចដោយទឹកជំនន់ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ សត្វ ដំណាំស្រូវ ផងដែរ ជាពិសេស ទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺ បានធូរស្រាលបន្តិច ប៉ុន្តែពេលនេះ ទឹកកំពុងហូរធ្លាក់យ៉ាងគំហុក ទៅកាន់ផ្នែកខាងក្រោម តាមស្ទឹងព្រែកត្នោត និងកំពុងគម្រាមកំហែង រាជធានីភ្នំពេញ និងខេត្តកណ្តាល។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ១)ទ្វារទឹក ចំនួន ៤ នៃទ្វារទឹកសរុបចំនួន ៦ របស់អាងទឹកខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបិទទាំងស្រុងវិញហើយ គិតត្រឹមព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីទឹកក្នុងអាងបានស្រកចុះ ១,១៥ ម៉ែត្រ (ធៀបកម្ពស់ទឹកកើនឡើងអតិបរមា កាលពីថ្ងៃទី ១៨) ។

២)ទិដ្ឋភាពចុះអ័ព្ទក្រាស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកព្រលឹមថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។

៣)ស្ថានភាពទឹកជំនន់ព្រែកស្រែអំបិល ខេត្តកោះកុង ៖ មកដល់ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល ស្រុកស្រែអំបិល ផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានបន្តស្រកចុះ ០,២០ ម៉ែត្រ បន្ថែមទៀត បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកនៅផ្នែកខាងក្រោម (ទីប្រជុំជនផ្សារក្រោម ឃុំស្រែអំបិល) ទឹកបានចាប់ស្រកចុះ ០,១០ ម៉ែត្រ វិញហើយ ។

៤)ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពត ៖ មកដល់ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពត បានធូរស្រាលជាបណ្តើរៗហើយ ក្នុងនោះ ទឹកព្រែកកំពង់បាយ បានបន្តស្រកចុះ ០,៣៦ ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ។ ទឹកនៅតាមបណ្តាព្រែក ស្ទឹងផ្សេងៗទៀត ក៏មានការស្រកចុះព្រមៗគ្នាផងដែរ ។ ឯការធ្លាក់ភ្លៀង ក៏មានការថមថយច្រើន ។

៥)រសៀលថ្ងៃសុក្រ ទី ២០ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ កណ្តាលស្ទឹង ។

៦)ប្រព័ន្ធធារាសាស្ត្រ កណ្តាលស្ទឹង មានទីតាំងលាតសន្ធឹងនៅលើភូមិសាស្រ្តមួយផ្នែកនៃខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្កាល ។ ប្រព័ន្ធនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងប្រើប្រាស់ ជាប្រព័ន្ធគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោតផង កាត់បន្ថយជំនន់ដែលគំរាមកំហែងរាជធានីភ្នំពេញផង និងជាប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៨.៤០០ ហិកតា និងស្រូវប្រាំង ចំនួន ១.០០០ ហិកតា ផង ។

៧)ស្ថានភាពទឹកជំនន់ព្រែកស្រែអំបិល ស្រុកស្រែអំបិល មកដល់ល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកនៅផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានស្រកចុះប្រមាណ ០,១០ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ ។ ដោយឡែកទឹកនៅផ្នែកខាងក្រោម (ទីប្រជុំជនផ្សារក្រោម ឃុំស្រែអំបិល) ទឹកនៅនឹងថ្កល់បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ ។ សូមបញ្ជាក់ផងដែរថា នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល គិតចាប់ពីម៉ោងប្រមាណ ៩ ព្រឹក មកដល់វេលាល្ងាចនេះ ពុំទាន់មានភ្លៀងធ្លាក់បន្ថែមទេ ។

៨)ទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះមួយកម្រិតបន្ថែមទៀត ៖ នៅម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ទំលាក់ទ្វារទឹករលាំងជ្រៃ ចំនួន ២ ទ្វារ ចុះបន្ថែម ចំនួន ១ ម៉ែត្រ ទៀត ។ ដូចនេះ ទ្វារទឹករលាំងជ្រៃ ចំនួន ២ ទ្វារ ត្រូវបានទម្លាក់ចុះបាន ចំនួន ៣ ម៉ែត្រ បន្ទាប់ពីស្ថានភាពទឹកជំនន់នៅផ្នែកខាងលើ មានសភាពកាន់តែធូរស្រាល ។
សូមជម្រាបផងដែរថា ទ្វារទឹករលាំងជ្រៃ មានសរុបចំនួន ៥ ទ្វារ ដោយទ្វារនីមួយៗមានទទឹង ១២ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ ។
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃសុក្រ ទី ២០ ខែកក្កដា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំកម្លាំងទប់ទល់ ជាមួយនឹងទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីការពារភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ជូនថា ទោះបីជាទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺបានធូរស្រាលបន្តិច ប៉ុន្តែពេលនេះ ទឹកកំពុងហូរធ្លាក់យ៉ាងគំហុក ទៅកាន់ផ្នែកខាងក្រោម តាមស្ទឹងព្រែកត្នោត និងកំពុងគម្រាមកំហែងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំពោះមុខបញ្ហានេះ លោករដ្ឋមន្ត្រីបានដឹកនាំកម្លាំងផ្ទាល់ ចុះទប់ទល់ជាមួយនឹងទឹកជំនន់នៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារកុំឱ្យមានការហូរច្រោះ លិចចូលតំបន់ទំនាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានរៀបចំឱ្យមានក្រុមប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់ប្រចាំការ និងតាមដាន ដើម្បីធានានូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្សួលទឹកនេះ ត្រូវការរយៈពេលប្រមាណ ១០-១២ ម៉ោងទៀត ទើបបានធូរស្រាលទៅវិញ ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏ចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ៖

អត្ថបទដែលជាប់ទាក់ទង