ត្រួតពិនិត្យ៣លើកម្ចាស់ទីតាំងសិប្បកម្មលួចលាក់កែច្នៃស្ករត្នោតក្លែងក្លាយ ពីស្ករសនៅស្រុកបាទីចំនួន ៦រូប ត្រូវបានមន្ត្រីជំនាញដាក់ពាក្យប្តឹងចោទទៅតុលាការ
តាកែវ៖ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ បានសម្រេចកសាងសំណុំរឿងដ៏រសើបទៅលើករណីលួចផលិតស្ករត្នោតក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់ បន្ទាប់ពីបានឆ្មក់បង្រ្កាបទីតាំងកែច្នៃស្ករត្នោតក្លែងក្លាយនៅពីរទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលថ្ងៃម្សិលមិញនេះ ថ្ងៃទី ៤ខែ ធ្នូ ឆ្នាំ ២០១៩ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា ទីតាំង កែច្នៃស្ករត្នោតក្លែងក្លាយមួយចំនួននៅក្នុងស្រុកបាទីនេះ នៅតែបន្តលួចផលិតដោយខុសច្បាប់និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណរបស់ស្ករត្នោតខ្មែរយើង ដែលកំពុងតែទទួលបានការគាំទ្រពីអន្តរជាតិផងនោះ ដូច្នោះមន្រ្តីជំនាញសម្រេចកសាងសំណុំរឿងនេះ បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមច្បាប់ដោយមិនមានការយោគយល់ទៀតនោះទេ ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងបន្តថា នៅក្នុងការចុះឆ្មក់បង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងពីរទីតាំងនៅស្រុកបាទី នៅថ្ងៃម្សិលមិញនេះ មន្រ្តីជំនាញបានធ្វើការរឹបអូសសម្ភារៈបរិក្ខារដែលបម្រើដល់ការផលិតស្ករត្នោតក្លែងក្លាយនេះរួមមាន ម៉ូទ័រកូស្ករចំនួន៦ ឆ្នាំងខ្ទះចំនួន២៣ ស្ករស២០បាវ ស្ករត្នោតកន្លែងក្លាយដែលបំប្លែងហើយចំនួន៤ធុង និងធុងទទេចំនួន៣៤ធុង។ សម្ភារៈទាំងអស់នេះនិងត្រូវយកទៅដុតកម្ទេចចោលនៅថ្ងៃដដែលផងដែរ ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី ៣ហើយ ដែលក្រុមមន្ត្រីជំនាញកាំកុងត្រូលខេត្តចុះឆ្មក់ និងបង្រ្កាបទៅលើទីតាំងលួចផលិតកែច្នៃស្ករត្នោតនេះ នៅលើកទី ១ មន្ត្រីជំនាញបានធ្វើការប្តឹងចោទលើម្ចាស់ទីតាំងទៅតុលាការចំនួន ១រូប លើកទី២ ចំនួន ៣រូប និងលើកទី៣នេះ ចំនួន ២រូបបន្ថែមទៀត សរុបទាំងអស់ម្ចាស់ទីតាំងចំនួន ៦រូបត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។
លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងថា កន្លងមកអាជ្ញាធរស្រុកបានធ្វើការចុះបង្រ្កាបជាច្រើនលើកច្រើនសារមកហើយ ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែបន្តលួចផលិត ដូច្នោះអាជ្ញាធរស្រុកនិងអាជ្ញាធរជំនាញនិងបន្តបង្រ្កាប មិនបណ្ដោយឲ្យមានការលួចផលិតខុសច្បាប់នេះតទៅទៀតនោះទេ។
លោកអភិបាលស្រុកបាទី ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលលួចផលិតស្ករត្នោតកន្លែងក្លាយនេះ ត្រូវឈប់លួចផលិតជាបន្ទាន់ ហើយងាកមកប្រកបរបត្រឹមត្រូវទៅតាមច្បាប់វិញ ជៀសវាងអាជ្ញាធចុះបង្រ្កាបនិងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់ ។
ពាក់ព័ន្ធទៅនឹងទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះដែរ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ក៏បានបញ្ជាក់ផងដែរថា ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺមិនមានការអនុញ្ញាត ហើយថ្ងៃខាមុខក៏យើងមិនអនុញ្ញាត ឲ្យមានការផលិត ឬចរាចរណ៍ស្ករត្នោតក្លែងក្លាយនេះជាដាច់ខាត ព្រោះវាពិតជាប៉ះពាល់យ៉ាងខ្លាំង ដល់ស្ករត្នោតខ្មែរពិតប្រាកដ ដូច្នោះសូមឲ្យប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការផលិតនេះជាបន្ទាន់ ព្រោះយើងនឹងបន្តចុះបង្រ្កាបនៅឃុំផ្សេងៗទៀតរបស់ស្រុកបាទី ៕